ភ្នំពេញ៖ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) រួមជាមួយលោក លន់ យ៉េង អគ្គលេខាធិការ (ស.អ.ក) បានជួបជាមួយ លោកបណ្ឌិត Yurdi Yasmi អ្នកតំណាងប្រចាំតំបន់អាស៊ាន របស់វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI) នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ។
ក្នុងជំនួបនេះគឺ ពិភាក្សាអំពីលទ្ធភាព នៃកិច្ចសហការក្នុងការងារស្រាវជ្រាវ និងអភិវឌ្ឍ (Research and Development) វាងស្ថាប័នទាំងពីរ ក្នុងគោលបំណងលើកកម្ពស់ និងធ្វើឱ្យកាន់តែប្រសើរឡើងនៃវិស័យស្រូវអង្ករកម្ពុជា។
លោក ឧកញ៉ា សុង សារ៉ន បានសម្តែងការស្វាគមន៍ចំពោះ លោកបណ្ឌិត អ្នកតំណាងរបស់ IRRI ប្រចាំតំបន់អាស៊ាន មានការចាប់អារម្មណ៍ក្នុងការបន្តការសហការក្នុងការងារស្រាវជ្រាវនិងអភិវឌ្ឍ (R&D) នេះ ជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងភាពជាដៃគូ ក្នុងការងារការផលិតគ្រាប់ពូជ កិច្ចសហការ និងការគាំទ្រផ្នែកបច្ចេកទេសនានា ដែលវាជាការជួយគាំទ្រក្នុងការធ្វើយ៉ាង ណាឱ្យវិស័យស្រូវអង្កររបស់កម្ពុជា មានភាពប្រកួតប្រជែង។
លោកបណ្ឌិត Yurdi Yasmi បានបញ្ជាក់ថា IRRI និងសហព័ន្ធស្រូវអង្ករកម្ពុជា អាចរួមគ្នាសហការ ក្នុងការងារផែនការសកម្មភាព រយៈពេល៥ឆ្នាំ ដែល IRRI និងក្រសួងកសិកម្មកម្ពុជា ទើបបានចុះកិច្ចព្រមព្រៀងនាពេលថ្មីៗនេះ ជាមួយនឹងគោលដៅកែលំអវិស័យស្រូវអង្ករ ដោយបង្កើនការវិភាគលើផលិតភាពនិងភាពធន់នៃបណ្តាញខ្សែសង្វាក់តម្លៃ។
សហព័ន្ធស្រូវអង្ករកម្ពុជា និង IRRI នឹងបន្តសហការយ៉ាងជិតស្និទ្ធិជាមួយគ្នា ក្នុងភាពជាដៃគូ ទៅលើការងារស្រាវជ្រាវ និងអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា តទៅមុខទៀត ៕