ក្រចេះ៖ លោកស្រី ខាំ សុភាព អភិបាលរងខេត្ត នៅព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២០ រួមនិងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុងសង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត បានចូលរួមបោសម្អាតតាមដងផ្លូវទី សាធារណៈ ក្នុងថ្ងៃទិវាជាតិ ទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ «ទីក្រុងស្អាតទីក្រុងដែលមានវិថីម្ហូបអាហារស្អាត» ។
លោកស្រី ខាំ សុភាព មានប្រសាសន៍ថា ការប្រារព្ធទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបមហាស្អាត» នាពេលនេះ គឺក្នុងគោលបំណង ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីទីក្រុងស្អាត និងការសម្អាតទីក្រុងនៃខេត្តក្រចេះ ឲ្យមានសោភ័ណភាពស្រស់បំព្រង សាកសមជាទីក្រុង ដែលទទួលបានជ័យលាភីផ្ការំដួល ២ទង និងបន្តយកជ័យលាភីផ្ការរំដួល៣ទង។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ ដោយក្នុងសារលិខិតរបស់សម្ដេចតេជោបានគូសបញ្ជាក់ថា ក្នុងស្មារតីឆ្លើយតបទៅនឹងការវិវត្ត និងនិន្នាការអភិវឌ្ឍន៍ថ្មីៗនេះ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើការដាក់ចេញ និងអនុវត្តនូវគោលនយោ បាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា ដោយឈរលើមូលដ្ឋានសំខាន់ពីរ ដែលត្រូវគិតគូរស្របពេលគ្នា គឺការបង្កើនឧត្ដមភាពប្រកួតប្រជែង និងការធានានិរន្តរភាពនៃការអភិវឌ្ឍ ។
ឈរលើមូលដ្ឋាននេះកម្ពុជា ក៏បានដាក់ចេញនៅយុទ្ធនាការ ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋាកិច្ចល្អ ដែលជាយុទ្ធសាស្ត្រ ដ៏សមស្របក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ ជាមាសបៃតង នឹងនាំកម្ពុជាឆ្ពោះទៅរកភាពស្អាតបៃតង និងប្រកបដោយសុវត្ថិភាពខ្ពស់។
សូមបញ្ជាក់ថា ទិវាជាតិ ទីក្រុងស្អាត ឆ្នាំទី៨ នៃប្រធានបទ «ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត» គឺជាការឆ្លុះបញ្ជាំងយ៉ាងច្បាស់ថា វិថីម្ហូបអាហារគឺជាផលិតផលទេសចរណ៍ ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលអាចផ្ដល់នូវបទពិសោធន៍ និងការចងចាំសម្រាប់ភ្ញៀវទេសចរណ៍ ។
លោកស្រី អភិបាលខេត្ត បញ្ជាក់ថា ផ្តើមចេញពីយើងទាំងអស់គ្នា យើងត្រូវវិចខ្ចប់ពេលបរិភោគរួចនូវកាកសំណល់ ជៀសវាងបោះចោលពាស់វាលពាស់កាល ត្រូវដាក់ចូលក្នុងធុងសំរាម ដែលមាននៅជិតបំផុត ដើម្បីទាក់ទាញភ្ញៀវទេសជាតិ និងអន្តរជាតិមកកំសាន្ត វាជាមុខមាត់ខេត្តរបស់យើង៕