ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក លឹម គានហោ ពិនិត្យស្ថានភាពទឹកជន់លិចក្រុងពោធិសាត់ និងរកវិធីដោះស្រាយ

ពោធិសាត់៖ នៅវេលាយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តពោធិ៍សាត់ និងលោក ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តពោធិសាត់ អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិសាត់ បានចុះពិនិត្យស្ថានភាពទឹកដែលបានជន់លិចក្រុងពោធិសាត់។ 

សូមជម្រាបជូនថា បន្ទាប់ពីទទួលបរិមាណទឹកភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើពីតំបន់ជួរភ្នំក្រវាញក្នុងកំឡុងពេលព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលព្យុះ និងវិសម្ពាធទាបនាប៉ុន្មានសប្តាហ៍កន្លងមកនេះ បានបណ្តាលឲ្យទឹកស្ទឹងពោធិសាត់បានឡើងដល់កម្ពស់៥,៥២ម៉ែត្រ លើកកម្ពស់ទឹកប្រុងប្រយ័ត្ន៥ម៉ែត្រ ធ្វើឲ្យជន់លិចក្រុងពោធិសាត់អស់មួយផ្នែក។

ដើម្បីដោះស្រាយ និងបន្ធូរសភាពទឹកស្ទឹងពោធិសាត់ជន់លិចក្រុង លោករដ្ឋមន្រ្តីបានចាត់ឲ្យក្រុមការងារ បច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយបុគ្គលិកជំនាញក្រុមហ៊ុន Guangdong Foreign Construction Co.Ltd បើកទ្វារទឹក នៅសំណង់ស្ទាក់ទឹកដំណាក់អំពិលទាំងយប់ ដើម្បីបន្ថយបរិមាណទឹកស្ទឹងពោធិសាត់ ដោយបើកបង្ហូរទឹកទៅផ្នែកខាងក្រោមតាមស្ទឹងស្វាយដូនកែវ  ហើយទម្លាក់ចូលទៅបឹងទន្លេសាប។

បើតាមស្ថានភាពបន្ថយបរិមាណទឹកស្ទឹងពោធិសាត់ទៅផ្នែកខាងក្រោម និងអាកាសធាតុមិនមានភ្លៀងបន្ថែមទៀតនាពេលដ៏ខ្លីខាងមុខ ទឹកស្ទឹងពោធិសាត់នឹងឆាប់ស្រក ហើយវិលត្រលប់មកធម្មតាដូចមុនវិញ៕