ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជានឹងទទួលរងឥទ្ធិពលភ្លៀងធ្លាក់ជាច្រើនថ្ងៃទៅមុខទៀត ធ្វើឲ្យខេត្តមួយចំនួនជួបគ្រោះទឹកជំនន់

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសថា ប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលភ្លៀងធ្លាក់ជាច្រើនថ្ងៃទៅមុខទៀត ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលអាចធ្វើឲ្យបណ្តាខេត្តមួយចំនួនជួបគ្រោះជំនន់ទឹកភ្លៀងផងដែរ។

សេចក្ដីប្រកាសព័ត៌មាននេះ បានលើកឡើងថា «អនុវត្តទៅតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ និងយោងតាមការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុបង្ហាញថា កម្ពុជា កំពុងស្ថិតនៅក្នុងតំបន់សម្ពាធទាប ហើយក៏កំពុងបន្តទទួលឥទ្ធិពល នៃប្រព័ន្ធសម្ពាធទាប (ITCZ) ទន្ទឹមនឹងនោះ សម្ពាធទាបសកម្ម (Active Low) នៅចុងនៃប្រព័ន្ធសម្ពាធទាប នឹងវិវត្តប្រែប្រួលជាបន្តបន្ទាប់។

«លក្ខណៈបែបនេះ នឹងបង្កឲ្យស្ថានភាពធាតុអាកាសនៅកម្ពុជា ភ្លៀងបន្តធ្លាក់ច្រើន ថ្ងៃទៅមុខទៀត ក្នុងកម្រិតពីមធ្យមទៅច្រើន ដែលធ្វើឲ្យបណ្តាខេត្តភាគពាយ័ព្យ និងភាគខាងជើង ស្ថិតក្នុងភូមិសាស្រ្តជាប់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចបន្តមានជំនន់ទឹកភ្លៀងបន្ថែមទៀត។ អំឡុងពេលជាមួយគ្នានោះ នៅតំបន់មាត់សមុទ្រ និងលើផ្ទៃសមុទ្រ អាចមានភ្លៀងខ្យល់បក់បោកលាយឡំ និងរលកសមុទ្រខ្ពស់ៗ»។

សូមជម្រាបជូនថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បរិមាណទឹកភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើពីតំបន់ជួរភ្នំក្រវាញក្នុងកំឡុងពេលព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលព្យុះ និងវិសម្ពាធទាបនាប៉ុន្មានសប្តាហ៍កន្លងមកនេះ បានបណ្តាលឲ្យទឹកស្ទឹងពោធិសាត់បានឡើងដល់កម្ពស់៥,៥២ម៉ែត្រ លើកកម្ពស់ទឹកប្រុងប្រយ័ត្ន៥ម៉ែត្រ ធ្វើឲ្យជន់លិចក្រុងពោធិសាត់អស់មួយផ្នែក។

ដើម្បីដោះស្រាយ និងបន្ធូរសភាពទឹកស្ទឹងពោធិសាត់ជន់លិចក្រុង លោករដ្ឋមន្រ្តីបានចាត់ឲ្យក្រុមការងារ បច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយបុគ្គលិកជំនាញក្រុមហ៊ុន Guangdong Foreign Construction Co.Ltd បើកទ្វារទឹក នៅសំណង់ស្ទាក់ទឹកដំណាក់អំពិលទាំងយប់ ដើម្បីបន្ថយបរិមាណទឹកស្ទឹងពោធិសាត់ ដោយបើកបង្ហូរទឹកទៅផ្នែកខាងក្រោមតាមស្ទឹងស្វាយដូនកែវ  ហើយទម្លាក់ចូលទៅបឹងទន្លេសាប។

បើតាមស្ថានភាពបន្ថយបរិមាណទឹកស្ទឹងពោធិសាត់ទៅផ្នែកខាងក្រោម និងអាកាសធាតុមិនមានភ្លៀងបន្ថែមទៀតនាពេលដ៏ខ្លីខាងមុខ ទឹកស្ទឹងពោធិសាត់នឹងឆាប់ស្រក ហើយវិលត្រលប់មកធម្មតាដូចមុនវិញ។

ចំណែក នៅខេត្តប៉ៃលិនវិញ  ផលប៉ះពាល់ និងការខូចខាតដោយសារជំនន់ទឹកភ្លៀង គិតត្រឹមព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានជន់លិចផ្ទះ

ប្រជាពលរដ្ឋ ចំនួន៣៩៨ខ្នង សាលារៀនមួយកន្លែង វត្តចំនួនពីរកន្លែង រីឯទឹកកំពុងបន្តឡើង និងកំពុងបន្តជន់ចូលចំណុចផ្សេងទៀត៕