ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក លឹម គានហោ បន្តបេសកកម្មដឹកនាំក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង

បាត់ដំបង៖ នៅព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងយ៉ាងគំហុកដែលបានហូរបុកផ្តាច់ទំនប់អាងទឹកបាសាក់ ស្ថិតនៅឃុំព្រែកជីក និងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ធ្វើឲ្យលិចលង់ដល់ភូមិឋានប្រជាពលរដ្ឋ និងប៉ះពាល់ដំណាំដាំដុះក្នុងភូមិសាស្រ្តខាងលើនេះ និងផ្នែកទំនាបនៅខាងក្រោម។

ការងារនេះ ក៏មានការចូលរួមពីសំណាក់លោក គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ម៉ៅ ចន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុករុក្ខគិរី, លោក ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង អមដំណើរដោយថ្នាក់ដឹកនាំ ក្រុមមន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង។

ជារួម ទឹកជំនន់ទឹកភ្លៀងនេះ បានស្រកជាបណ្ដើរៗហើយនៅប៉ែកខាងលើ គឺនៅឃុំបាសាក់ និងផ្នែកមួយចំនួននៃឃុំព្រែកជីក ស្រុករុក្ខគិរី ប៉ុន្តែវានឹងបង្កការជន់លិចទៅផ្នែកខាងក្រោមក្នុងស្រុកមោងឫស្សីជាបន្ត ។ 

ក្រោយពីចុះពិនិត្យជាក់ស្តែងដល់ទីតាំងដែលជួបរងគ្រោះជំនន់ទឹកភ្លៀងនាព្រឹកនេះ លោកទេសរដ្ធមន្រ្តីគន់គីមព្រមទាំងសហការីខាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តរបេសកកម្មជួយប្រជាពលរដ្ឋជាបន្ត។ 

ចំណែក លោករដ្ឋមន្រ្តី លឹម គានហោ ព្រមទាំងសហការីថ្នាក់រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ព្រមទាំងមន្ត្រីបច្ចេកទេសរួមដំណើរទាំងអស់ បានសំរេចចេញនូវផែនការទប់ទំនប់អាងទឹកបាសាក់ឡើងវិញជាបន្ទាន់ដោយប្រើប្រាស់គ្រឿងចក្ររបស់ក្រុមហ៊ុនកូរ៉រដែលកំពុងប្រត្តិបត្តិការនៅទំនប់ដូនទ្រីក្បែរនោះស្រាប់ ដោយប្រើគ្រឿងចក្រធុនធ្ងន់ ចំនួន១៨គ្រឿង ចាក់ល្បាយថ្ម ទំហំ៦០ស.ម និងដីជួសជុលចាក់បិតទំនប់ដេញមកបណ្តើរៗ និងចុងម្ខាងទៀត បានត្រៀមគ្រឿងចក្រធុនធ្ងន់ចំនួន ១៤គ្រឿង គឺបានត្រៀមមធ្យោបាយស្ទើរគ្រប់គ្រាន់ទាំងអស់ ហើយធ្វើការវាយសម្រុកជួសជុលបិតផ្ចិតទំនប់ដែលដាច់ឲ្យជាប់ដូចដើមក្នុងរយ:ពេលពីរឬបីថ្ងៃ បើទោះបីស្ពានបេឡេ ដែលខេត្តសន្យាជួយតភ្ជាប់ផ្លូវមិនទាន់រួចក៏ដោយ ដើម្បីបញ្ចៀសគ្រោះមហន្តរាយបន្ថែម និងរក្សាទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ និងសម្រាប់ការងារបង្កបង្កើនផលនាពេលខាងមុខ។

ក្រៅពីជំនន់ទឹកភ្លៀងនៅក្នុងស្រុករុក្ខគិរី និងស្រុកមោងឫស្សី ស្រុកមួយចំនួនទៀតក្នុងខេត្តបាត់ដំបងរួមមានស្រុកសំឡូត ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកបវិល ក៏កំពុងប្រឈមសោយការយាយីពីជំនន់ទឹកភ្លៀងនេះផងដែរ ។

ថ្នាក់ដឹកនាំក្រសួង មន្ទីរធនធានទឹក និងឧតុនិយមគ្រប់រាជធានី-ខេត្ត អាជ្ញាធរពាក់ព័ន្ធ បានបន្តតាមដាន និងធ្វើការអន្តរាគមនជាបន្តបន្ទាប់លើគ្រោះមហន្តរាយជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្ននេះ៕