ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងកសិកម្ម ជំរុញឲ្យកសិករពង្រឹងបច្ចេកទេសវេចខ្ចប់ និងផ្តល់ស្លាកសញ្ញាសម្គាល់ច្បាស់លាស់ចៀសវាងការបន្លំគុណភាព

ព្រះវិហារ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំគណៈប្រតិភូ ជួបជាមួយក្រុមបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាច់ និងបន្លែ ចំនួន៥០គ្រួសារ នៅស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែតុលានេះ ។

តាមរាយការណ៍ របស់ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបានឲ្យដឹងថា តាមរយ:កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE បច្ចុប្បន្ននៅក្នុងស្រុកគោលដៅចំនួន ៧ ឃុំចំនួន ៣៩ និងភូមិចំនួន ១៤២ កសិករអ្នកទទួលផលសរុបចំនួន ៩ ៧៦០គ្រួសារ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា កម្មវិធីបានរៀបចំចងក្រងបណ្តុំអាជីវកម្មចំនួន ៦៥ រួមមាន៖ – បណ្តុំអាជីវកម្មបន្លែ ១៨(៣៥៤គ្រួសារ) បណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែចំនួន ២៥ (៥៧៣គ្រួសារ) – បណ្តុំអាជីវកម្មស្វាយចន្ទីចំនួន ២(១២០គ្រួសារ) – បណ្តុំអាជីវ កម្មដំឡូងមី ៣(១៤៤គ្រួសារ) – បណ្តុំអាជីវកម្មចិញ្ចឹមគោសាច់ ៤(១៤៥គ្រួសារ) – បណ្តុំចិញ្ចឹមត្រីចំនួន ២(៧២គ្រួសារ) – បណ្តុំអាជីវកម្មដំណាំឬស្សីទំពាំងផ្អែមចំនួន ៣(១២៧គ្រួសារ) ។ បានសង់ផ្ទះសំណាញ់ ចំនួន ៦ខ្នង ជូនកសិករដែលជាសមាជិកសហគមន៍កសិកម្ម ១០០ភាគរយ – មានតូបលក់បន្លែសុវត្ថិភាព ២កន្លែង។

លោករដ្ឋមន្រ្តីបានចូលរួមអបអរចំពោះសមិទ្ធផលដែលកសិករ ទទួលបាននាពេលនេះ ស្របទៅនឹងឆន្ទ: និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី ចង់បាន ចង់ឃើញប្រជាពលរដ្ឋយើងមានជីវភាពសម្បូរសប្បាយ រស់នៅជួបជុំគ្រួសារ សុខក្សេមក្សាន្ត មានសុភមង្គល ក្រោមម្លប់សុខសន្តិភាព ហើយរួមគ្នាខិតខំបន្តទៀតដើម្បីដើរឆ្ពោះទៅរកគោលដៅនាឆ្នាំ២០៣០ និង២០៥០។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះគឺកើតចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយ:ក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ អ្នកអនុវត្តគម្រោង រួមផ្សំជាមួយការយកចិត្តទុកដាក់អនុវត្តបច្ចេកទេសបានត្រឹមត្រូវ ។ ដូចជាធ្វើស្រែចំការ ចិញ្ចឹមសត្វ ត្រី និងដាំដំណាំតាមលទ្ធភាពរៀងៗខ្លួនដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ។

លោករដ្ឋមន្ត្រី បានណែនាំឲ្យមន្ទីរជួយបណ្តុះបណ្តាលបច្ចេកទេសបន្ថែមលើការអនុវត្ត GAP ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ធ្វើយ៉ាងណាបង្កើនការជឿទុក ចិត្តពីអតិថិជន តាមរយ:គុណភាព សុវត្ថិភាពនៃផលិតផល និងបង្កើនតម្លៃបន្ថែម ហើយក៏គួរពង្រឹងបច្ចេកទេសវេចខ្ចប់ និងផ្តល់ស្លាកសញ្ញាសម្គាល់ច្បាស់លាស់ចៀសវាងការបន្លំគុណភាព​៕