(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំពិភាក្សាលើកទី៣ អាណត្តិទី១ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ នេះ ។
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៣ នេះផ្តោតសំខាន់ទៅលើរបៀបវារៈដូចខាងក្រោម៖
(១) ពិនិត្យពិភាក្សាសេចក្តីព្រាងសេចក្តីសម្រេចស្តីពីលក្ខន្តិកៈបុគ្គលិក នៃបេឡាជាតិសន្តិសុខសង្គម
(២) បញ្ហាផ្សេងៗ ។
-ការរៀបចំឲ្យមានលក្ខន្តិកៈបុគ្គលិក នៃបេឡាជាតិសន្តិសុខសង្គម គឺបង្កេីតឡេីងដេីម្បីកំណត់យន្តការ លក្ខខណ្ឌ បែបបទនីតិវិធី និងគោលការណ៍សំខាន់ៗ ក្នុងការធានាបាននូវការគ្រប់គ្រងមន្រ្តី និងបុគ្គលិកនៃ ប.ស.ស. ស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន សំដៅបង្កេីនការអនុវត្តការងារក្នុងការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព។
-ការកសាងសមត្ថភាពសម្រាប់សមាជិកក្រុមប្រឹក្សាភិបាល ដែលអង្គការពលកម្មអន្តរជាតិ (ILO) នឹងចែករំលែកនូវបទពិសោធន៍ក្នុងការបង្កេីនប្រសិទ្ធភាពក្នុងការៀបចំប្រព័ន្ធសន្តិសុខសង្គមរយះពេល៣ថ្ងៃ តាមប្រព័ន្ធអនឡាញ។
-ការរៀបចំការបណ្តុះបណ្តាលជាលក្ខណះត្រីភាគី ដេីម្បីផ្សព្វផ្សាយពីរបបប្រាក់សោធន ដែលជាប្រព័ន្ធថ្មីរបស់ ប.ស.ស. ដេីម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
ថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំនៃ ប.ស.ស. ដែលបានខិតខំយកចិត្តទុកដាក់រៀបចំនូវសេចក្តីព្រាងឯកសារនេះឡើង ដើម្បីដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងសូមអរគុណដល់សមាជិកក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ទាំងអស់ ដែលបានអញ្ជើញចូលរួម និងពិនិត្យពិភាក្សាយ៉ាងយកចិត្តទុកដាក់ ហេីយធ្វេីការអនុម័តនាពេលនេះ។
លោកបណ្ឌិតរដ្ឋមន្រ្តី ក៏បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវបន្តសិក្សាស្រាវជ្រាវ និងរៀបចំលិខិតបទដ្ឋានបន្ថែមទៀត ឱ្យបានគ្រប់ជ្រុងជ្រោយស្របទៅតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងរៀបចំយន្តការអនុវត្តតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល សំដៅធានាបាននូវសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ប្រកបដោយចីរភាព ។