ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ឯម ច័ន្ទមករា ស្នើអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាជួយដល់សមាគមនិងអង្គការជនពិការក្នុងអំឡុងពេលប្រឈមបញ្ហាកូវីដ-១៩

លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើដល់អង្គការសហប្រជាជាតិនៅកម្ពុជាពិនិត្យលទ្ធភាពជួយដល់សមាគមន៍និងអង្គការជនពិការដែលកំពុងប្រឈមបញ្ហាកូវីដ-១៩ ហើយត្រូវការធនធានសម្រាប់ដំណើរអង្គភាព។

លោក ឯម ច័ន្ទមករា ស្នើអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ជួយដល់សមាគមន៍និងអង្គការជនពិការក្នុងអំឡុងពេលប្រឈមបញ្ហាកូវីដ-១៩

លោក បានថ្លែងថា អង្គការដែលដឹកនាំដោយជនមានពិការភាពភាគច្រើនជបបញ្ហាខ្វះខាតធនធានសរសេរគម្រោងស្នើសុំថវិកា។ តើយើងអាចជួយពួកគាត់យ៉ាងដូចម្ដេច ដើម្បីឱ្យសមាគមន៍/អង្គការដែលដឹកនាំដោយជនមានពិការភាព ទទួលបានគម្រោងនិងគាំទ្រថវិកាពីដៃគូអភិវឌ្ឍ។

នៅក្នុងជំនួបជាមួយលោក នីក បេរេដហ្វត តំណាងកម្មវិធីអភិវឌ្ឍនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងសង្គមកិច្ច នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានស្នើដល់អភិវឌ្ឍនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាពិនិត្យលទ្ធភាពជួយដល់សមាគមន៍និងអង្គការជនពិការដែលកំពុងប្រឈមបញ្ហាកូវីដ-១៩ ហើយត្រូវការធនធានសម្រាប់ដំណើរអង្គភាព។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក ឯម ច័ន្ទមករា បានបន្ថែមទៀតថា “ការផ្តល់អំណោយបែបសប្បុរសធម៌ជាការល្អម្យ៉ាង ប៉ុន្តែសម្រាប់សម្រួលតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ប្រសិនបើយើងផ្តល់ទីប្រឹក្សាបច្ចេកទេសជួយដល់សមាគមន៍/អង្គការដែលដឹកនាំដោយជនមានពិការភាព ហើយបណ្ដុះបណ្ដាលគាត់ពីជំនាញផ្នែកដឹកនាំ ផ្នែកយុទ្ធសាស្ត្រ ផ្នែកសរសេរគម្រោងជាដើម ពេលនោះគាត់អាចមានសមត្ថភាពដឹកនាំនិងដាក់សំណើទៅដៃគូអភិវឌ្ឍដើម្បីមានលទ្ធភាពធ្វើការជាដៃសហការណ៍ល្អជាមួយរដ្ឋាភិបាល។

លោក ឯម ច័ន្ទមករា បន្ថែមថា  ភាគច្រើនជនមានពិការភាពតែងរៀនជំនាញ ម៉ាស្សា សិល្បៈតន្ត្រី ប៉ុន្តែឥឡូវសម័យកូវីដ ការងារម៉ាស្សា ត្រូវបានផ្អាកមួយរយៈ ដែលបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់។ ខ្ញុំស្នើសុំតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ជួយពិចារណាធ្វើយ៉ាងណាឱ្យអង្គការសមាគមន៍ដឹកនាំដោយជនមានពិការភាពទទួលបានផលប្រយោជន៍ពិតប្រាកដ។

ជាការឆ្លើយតប លោក នីក បេរេដហ្វ តំណាងប្រចាំប្រទេសកម្មវិធីអភិវឌ្ឍនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានស្វាគមន៍សំណើរបស់លោករដ្ឋលេខាធិការនិងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងបាន បញ្ជាក់បន្ថែមថា ដោយសាររដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជាមួយជនមានពិការភាព ដូច្នេះការងាររបស់អង្គការសហប្រជាជាតិ ដែលធ្វើការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាល គឺយើងអនុវត្តតាមអាទិភាពដែលរដ្ឋាភិបាលកំណត់។

កម្មវិធីអភិវឌ្ឍនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា មានឆន្ទៈខ្ពស់ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យពិការភាព ធ្វើយ៉ាងណាឱ្យជនមានពិកាភាពទទួលបានសុខុមាលភាព សិទ្ធិទទួលបានការពារមានជីវិតរស់នៅសមរម្យ។ “នេះគឺជាការលើកឡើងបន្ថែមរបស់ លោក នីក បេរេដហ្វត”

តំណាងប្រចាំប្រទេសលោក នីក បន្តទៀតថា “ដំណាក់កាលកូវីដ-១៩ បានប៉ះពាល់ដល់ប្រជាជនទាំងមូលនៅប្រទេសកម្ពុជា ពិសេសជនមានពិការភាព ប៉ះពាល់ខ្លាំងជាងគេ បាត់បង់ការងារ មិនមានចំណូលពីការរកស៊ីមុខរបរម៉ាស្សា ដូចនេះអ្វីដែលយើងឃើញជាក់ស្ដែង យើងត្រូវគិតគូឱ្យបានខ្ពស់ជាមួយពួកគាត់ទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់មានលទ្ធភាពបង្កើនចំណូលឱ្យពួកគាត់ឡើងវិញ។ ខ្ញុំយល់ថាការគាំពារជនមានពិការភាពយើងមិនត្រឹមជួយគាត់តែជំនួយបែបមនុស្សធម៌មួយពេលៗនោះទេ”៕