សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី១៨ ខែតុលា ឆ្នាំ២០២០នេះអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខណ្ឌដង្កោ រាជធានីភ្នំពេញចំនួន៣,៣៨៤គ្រួសារ។ ដែលពិធីនេះបានប្រព្រឹត្តទៅនៅជាប់ក្លោងទ្វាវត្តរតនតេជៈ ហៅវត្តកំពង់ក្តុល សង្កាត់ សាក់សំពៅ រាជធានីភ្នំពេញ។
តាមរបាយការណ៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់ប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោនេះ មានភូមិចំនួន៤២ និងសង្កាត់ចំនួន១១ ដោយមានផ្ទះចំនួន៤,៩៦៥ខ្នង ជន់លិច និងពលរដ្ឋចំនួន៥,៥៨៧គ្រួសារ (ស្មើនឹង២៣,៥២០នាក់) រងគ្រោះដោយសារទឹកជំនន់នេះ។
ក្នុងចំណោមពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខណ្ឌដង្កោទាំង៥,៥៨៧គ្រួសារនេះ គឺបានចែកជូនរួចរាល់ចំនួន២,២០៣គ្រួសារ និងនៅសល់៣,៣៨៤គ្រួសារ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញចុះចែកជូនដោយផ្ទាល់នៅព្រឹកនេះ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសំដែងនូវក្តីរីករាយដែលបានអញ្ជើញមកជួបបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅពេលនេះ ហើយក៏រួមសុខរួមទុក្ខជាមួយបងប្អូនដែលកំពុងរងគ្រោះដោយសារទឹកជំនន់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះផងដែរ។
សម្តេចបន្តទៀតថាថ្ងៃនេះសម្ដេចអញ្ជើញមកក្នុងនាមតំណាង សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាំនាំនូវអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីផង និងមានអំណោយរួមចំណែករបស់កាកបាទក្រហមកម្ពុជាផងដែរ។
សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតបានមានប្រសាស៍ថា ទោះជាអំណោយនេះ តិចក្តី ច្រើនក្តី នេះគឺជាការចូលរួមចំណែកជួយគ្នាក្នុងគ្រាមានអាសន្នដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នេះ។
សម្ដេចក៏បានថ្លែងអំណរគុណផងដែរដល់បណ្ដាសប្បរសជនទាំងឡាយដែលបានចូលរួមសប្បុរសធម៌ជាមួយនឹងរាជរដ្ឋាភិបាលក៏ដូចជាកាកបាទក្រហមកម្ពុជាកន្លងមក ក្នុងការជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នាពេលនេះ។
នៅក្នុងឱកាសនោះផងដែរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវតែបន្តការយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលប្រទេសយើងមិនទាន់រួចផុតនៅឡើយ និងការពារសុវត្ថិភាពផ្ទាល់ខ្លួនក្នុងអំឡុងពេលដែលមានទឹកជំនន់នេះជាពិសេសកូនតូចៗ ជនចាស់ជរា ត្រូវថែរក្សាសុខភាពតាមរយៈការហូបស្អាត ផឹកស្អាតការរស់នៅមានអនាម័យជាពិសេសពេលដែលទឹកស្រកទៅនោះ។
អំណោយសម្តេចតេជោ ហ៊ុន សែន ដែលប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៣,៣៨៤គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូ, មី១កេស, ទឹកត្រី៣ដប, ទឹកស៊ីអ៉ីវ៣ដប, ទឹកបរិសុទ្ធ១កេស, ឃីត១ (មុង១ ភួយ១ ខ្នើយ១ កន្ទេល១), ថវិកា ៥ម៉ឺនរៀល។
ជាមួយគ្នានោះ កាកបាទក្រហមកម្ពុជា ក៏បានផ្ដល់អំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់នេះផងដែរ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ មី១កេស, ត្រីខ១យួ (១០កំប៉ុង), ទឹកបរិសុទ្ធ១កេស។ ចំណែកសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញទទួលបាន ១០០លានរៀលផងដែរ៕