កំពង់ចាម៖ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី និងលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ បានដង្ហែអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំវស្សាក្នុងពុទ្ធសីមាវត្តកោះកែវ ស្ថិតនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
អង្គកឋិនសាមគ្គី ដែលផ្តួចផ្តើមឡើងដោយក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្រីសន្ធរ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ និងពុទ្ធបរិស័ទ្ធ ដើម្បីផ្សារភ្ជាប់វិស័យអាណាចក្រ ជាមួយពុទ្ធចក្រ ក្នុងការរួមចំណែកកសាងសមិទ្ធផលនានា នៅក្នុងវត្តកោះកែវ ស្រុកស្រីសន្ធរ ដើម្បីលើកស្ទួយវិស័យព្រះសាសនា ឱ្យមានការរីកចម្រើនតាមគន្លងនៃពុទ្ធសាសនា។
ដោយសារប្រទេសជាតិ និងប្រជាពលរដ្ឋកំពុងរស់នៅក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រជាពលរដ្ឋជាពុទ្ធិបរិស័ទ មានឱកាសបានធ្វើបុណ្យទៅតាមទំនៀមទម្លាប់ប្រពៃណី ជំនឿសាសនា និងមានឱកាសចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍក្នុងផ្នែកពុទ្ធចក្រឲ្យកាន់តែរីកចម្រើន និងបន្តការអភិវឌ្ឍលើគ្រប់វិស័យ។
សូមបញ្ជាក់ថា អង្គកឋិនទានសាមគ្គី ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធិបរិស័ទជិតឆ្ងាយ នឹងបានចូលរួមជាមួយប្រធានក្រុមការងារ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរស្រុក បានប្រមូលបច្ច័យ១៦១.៤០០.០០០រៀល ប្រគេនព្រះសង្ឃគង់ចាំវស្សាក្នុងពុទ្ធសីមាវត្តកោះកែវ នាឱកាសនេះ៕