សហព័ន្ធស្រូវអង្ករកម្ពុជា បាននាំយកនូវអំណោយដែលជាការចូលរួមបរិច្ចាគ ពីសំណាក់សមាជិក សមាជិកា សហព័ន្ធ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជូនដល់ប្រជាពលរដ្ឋ ៦៥០ គ្រួសារ ដែលរងគ្រេាះដោយទឹកជំនន់កាលពីថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ នៅឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១៥គីឡូក្រាម មី១កេស ទឹកស៊ីអុីវ១យួរ ត្រីខកំប៉ុង១ប្រអប់ និងថវិកា៤ម៉ឺនរៀល។
កម្មវិធីចែកអំណោយនាថ្ងៃនេះ មានការចូលរួមជាវត្តមានលោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម លោក ឧកញ៉ា បណ្ឌិត ភួ ពុយ តំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាទីប្រឹក្សាប្រតិបត្តិស.អ.ក លោកឧកញ៉ា សុង សារ៉ន ប្រធានស.អ.ក រួមជាមួយអនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកស.អ.ក ដែលតំណាងឲ្យរោងម៉ាស៊ីនកិនស្រូវជាច្រេីន នៅក្នុងខេត្តបាត់ដំបងនេះ។
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងថា សកម្មភាពមនុស្សធម៌នាថ្ងៃនេះ គឺជាការបង្ហាញពីទឹកចិត្តនៃការចូលរួម «ខ្មែរជួយខ្មែរ ខ្មែរដេីម្បីខ្មែរ» ហេីយក៏បានថ្លែងអំណរគុណអស់ពីចិត្តចំពេាះទឹកចិត្តរបស់សមាជិកសហព័ន្ធយ៉ាងផុសផុលក្នុងរយៈពេលដ៏ខ្លីនេះ ឆ្លេីយតបនឹងស្ថានការណ៍បន្ទាន់នៃគ្រេាះទឹកជំនន់នេះ។
លោកឧកញ៉ា ក៏បានសម្តែងក្តីព្រួយបារម្ភចំពេាះការខូចខាតស្រូវដំណាំរបស់កសិករ ដែលមិនត្រឹមតែនៅបាត់ដំបងទេ តែនៅខេត្តមួយចំនួនដែលរងគ្រេាះផ្សេងទៀត។
សហព័ន្ធស្រូវអង្ករកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ នៅតែបន្តអំពាវនាវដល់សមាជិកសមាជិកា បន្តជួយទិញស្រូវពីកសិករឲ្យអស់ពីលទ្ធភាព និងក្នុងតម្លៃមួយសមរម្យ នៅក្នុងកាលៈទេសៈដ៏លំបាកមួយនេះ។
ស.អ.ក ក៏នឹងចូលរួមជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដេីម្បីស្វែងរកការដេាះស្រាយនឹងបញ្ហាប្រឈមនានា ស្រោចស្រង់បញ្ហាខូចខាតដោយទឹកជំនន់ លេីដំណាំស្រូវ និងវិស័យស្រូវអង្ករកម្ពុជាទាំងមូលនាពេលខាងមុខ។