ភ្នំពេញ៖ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ លោកសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដឹកនាំដោយលោកឧកញ៉ា តែ តាំងប៉ ប្រធានសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម ។
ដោយមានការចូលរួមពីលោកអគ្គលេខាធិការ លោកអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមជាមួយ អភិបាលរងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក សន្តិបណ្ឌិត ខៀវ សុភ័គ សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានប្រគល់ជូននូវគ្រឿងឧបភោគ បរិភោគមួយចំនួន រួមមាន ទឹកត្រី ចំនួន ១២,០០០ដប និងទឹកស៊ីអុីវ ចំនួន ១២,០០០ដប ដើម្បីរួមចំណែកសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅមូលដ្ឋានខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។
លោក សន្តិបណ្ឌិត ខៀវ សុភ័គ បានថ្លែងអំណរគុណចំពោះការរួមចំណែកដ៏សំខាន់របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងផ្ដល់ជាគ្រឿងឧបភោគបរិភោគនេះ ដើម្បីជួយដល់ប្រជាពលរដ្ឋពលរដ្ឋ ដែលកំពុងជួបបញ្ហាដោយសារគ្រោះទឹកជំនន់ នៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ផងដែរ៕