ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហព័ន្ធស្រូវអង្ករកម្ពុជាចែកអំណោយជូនប្រជាពលរដ្ឋរងគ្រេាះដោយទឹកជំនន់ ៦៥០គ្រួសារនៅខេត្តបាត់ដំបង

សហព័ន្ធស្រូវអង្ករកម្ពុជា បាននាំយកនូវអំណោយដែលជាការចូលរួមបរិច្ចាគ ពីសំណាក់សមាជិក សមាជិកា សហព័ន្ធ និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជូនដល់ប្រជាពលរដ្ឋ ៦៥០ គ្រួសារ ដែលរងគ្រេាះដោយទឹកជំនន់កាលពីថ្ងៃ​អាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០ នៅឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយ​​ក្នុងមួយគ្រួសារទទួលបានអង្ករ១៥គីឡូក្រាម មី១កេស ទឹកស៊ីអុីវ១យួរ ត្រីខកំប៉ុង១ប្រអប់ និងថវិកា៤ម៉ឺនរៀល។

កម្មវិធីចែកអំណោយនាថ្ងៃនេះ មានការចូលរួមជាវត្តមានលោក​ កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម លោក​ ឧកញ៉ា បណ្ឌិត ភួ ពុយ តំណាងរាស្រ្តមណ្ឌលបាត់ដំបង និងជាទីប្រឹក្សាប្រតិបត្តិស.អ.ក លោក​​​ឧកញ៉ា សុង សារ៉ន ប្រធានស.អ.ក រួមជាមួយអនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល និងសមាជិកស.អ.ក ដែលតំណាងឲ្យរោងម៉ាស៊ីនកិនស្រូវជាច្រេីន នៅក្នុងខេត្តបាត់ដំបងនេះ។

លោក​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងថា​​ សកម្មភាពមនុស្សធម៌នាថ្ងៃនេះ គឺជាការបង្ហាញពីទឹកចិត្តនៃការចូលរួម «ខ្មែរជួយខ្មែរ ខ្មែរដេីម្បីខ្មែរ» ហេីយក៏បានថ្លែងអំណរគុណអស់ពីចិត្តចំពេាះទឹកចិត្តរបស់សមាជិកសហព័ន្ធយ៉ាងផុសផុលក្នុងរយៈពេលដ៏ខ្លីនេះ ឆ្លេីយតបនឹងស្ថានការណ៍បន្ទាន់នៃគ្រេាះទឹកជំនន់នេះ។

លោកឧកញ៉ា ក៏បានសម្តែងក្តីព្រួយបារម្ភចំពេាះការខូចខាតស្រូវដំណាំរបស់កសិករ ដែលមិនត្រឹមតែនៅបាត់ដំបងទេ តែនៅខេត្តមួយចំនួនដែលរងគ្រេាះផ្សេងទៀត។

សហព័ន្ធស្រូវអង្ករកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ នៅតែបន្តអំពាវនាវដល់សមាជិកសមាជិកា បន្តជួយទិញស្រូវពីកសិករឲ្យអស់ពីលទ្ធភាព និងក្នុងតម្លៃមួយសមរម្យ នៅក្នុងកាលៈទេសៈដ៏លំបាកមួយនេះ។
ស.អ.ក ក៏នឹងចូលរួមជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដេីម្បីស្វែងរកការដេាះស្រាយនឹងបញ្ហាប្រឈមនានា ស្រោចស្រង់បញ្ហាខូចខាតដោយទឹកជំនន់ លេីដំណាំស្រូវ និងវិស័យស្រូវអង្ករកម្ពុជាទាំងមូលនាពេលខាងមុខ។