ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសនៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយសមាគមមូលនិធិសម្ដេច តេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយមានការចូលរួមពី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋាន នាយកដ្ឋានពាក់ព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមផងដែរ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា នេះគឺជាកិច្ចប្រជុំលើកដំបូងជា មួយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងគោលបំណងដើម្បីពិភាក្សាលើចំណុចមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពការងាររបស់សមាគម។
សម្ដេចបានបន្ថែមថា សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងដ៏សំខាន់ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ ហើយកន្លងមក សម្តេចក៏ធ្លាប់បានអញ្ជើញទៅទស្សនកិច្ចផ្លូវការនៅប្រទេសនានាផងដែរ ដែលបានផ្ដល់ជាបទពិសោធន៍ និងឱកាសស្វែងយល់ច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនេះ។
លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិ បានលើកឡើងនូវសកម្មភាព និងលទ្ធផលការងារដែលថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាភិបាលបានរួមគ្នាសម្រេចកន្លងមក ដោយក្នុងនោះរួមមានការរៀបចំនូវរចនាសម្ព័ន្ធ កិច្ចការងាររៀបចំលក្ខខន្តិកៈ ក៏ដូចជាលិខិតស្នើសុំបង្កើតសមាគម និងការចុះបញ្ជីស្របច្បាប់ជាដើម។
លោកឧកញ៉ាបន្ថែមថា មូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើតជាក្រុមការងារសម្រាប់ផ្លាស់ប្ដូរយោបល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ក្នុងន័យលើកស្ទួយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាឲ្យមានភាពល្អប្រសើរ។
សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិករបស់ក្រុមប្រឹក្សាភិបាលទាំងអស់នៃសមាគម ដែលនេះជាការរួមចំណែកដ៏សំខាន់ក្នុងការផ្ដល់ការគាំទ្រដល់សហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា៕