ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កសកម្មភាពហ៊ុមព័ទ្ធរបងដោយខុសច្បាប់ ដើម្បីយកច្រាំងទន្លេមេគង្គជាកម្មសិទ្ធិ នៅសង្កាត់ព្រែកឯង ចាប់ផ្តើមឡើងវិញ

ភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ កសកម្មភាពហ៊ុមព័ទ្ធរបងដោយខុសច្បាប់ ពីសំណាក់ក្រុមឈ្មួញដី ដើម្បីយកច្រាំងទន្លេមេគង្គជាកម្មសិទ្ធិ នៅសង្កាត់ព្រែកឯង ចាប់ផ្តើមឡើងវិញ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងនៅមុននេះបន្តិចថា ក្រុមកម្មករប្រមាណ១០នាក់ កំពុងចាប់ផ្តើមផ្សារដែក និងបាំងស័ង្កសី ធ្វើរបងហ៊ុមព័ទ្ធយកច្រាំងទន្លេ នៅភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដែលអាជ្ញាធរខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២ បានបញ្ជាឲ្យផ្អាកម្តងរួចមកហើយ។

ក្នុងពេលហាមឃាត់នោះ មន្ត្រីសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា ករណីសាងសង់របងដែកនេះ «មិនទាន់មានលិខិតអនុញ្ញាតសាងសង់ពីសមត្ថកិច្ចជំនាញ។ ដូច្នេះក្រុមការងារសម្រេចឲ្យម្ចាស់របងផ្អាកការសាងសង់របងជាបណ្តោះអាសន្នសិន រងចាំការដោះស្រាយទំនាស់ជាមុនសិន»។

របាយការណ៍ដដែលនេះ ដែលប្រជាពលរដ្ឋផ្ញើមកអ្នកសារព័ត៌មាន នាល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានលើកឡើងថា ម្ចាស់សំណង់របងនេះ មានឈ្មោះ លឹម វុទ្ធី ជាតំណាង ហើយបានទទួលស្គាល់ចំពោះការហ៊ុមព័ទ្ធយកនេះ គឺ «ជាមាត់ទន្លេ» ដែលច្បាប់ហាមឃាត់មិនឲ្យយកជាកម្មសិទ្ធិឯកជន។

ចំណែកឯកសារដដៃទៀត បានឲ្យដឹងទៀតថា អាជ្ញាធរខណ្ឌច្បារអំពៅធ្លាប់បានហាមឃាត់ និងរុះរើបង្គោលរបងសាងសង់លើទីតាំងនេះ ដោយចាត់ទុកជាសំណង់ខុសច្បាប់បំពានយកច្រាំងទន្លេ។

នាវេលាយប់ថ្ងៃដដែល គេសង្កេតឃើញថា ក្រុមកម្មករនៅតែបន្តធ្វើរបងតាមការបញ្ជាពីភាគីលោក លឹម វុទ្ធី ជាតំណាងអ្នកទិញ។

ចំណែកមេភូមិក្បាលជ្រោយ លោក គឹម ម៉ាច បានឃាត់ក្រុមកម្មករឲ្យផ្អាកការសាងសង់ ព្រោះមានការតវ៉ាពីអ្នកនៅជាប់មាត់ទន្លេនេះ ប៉ុន្តែក្រុមកម្មរ នៅតែបន្តរហូតដល់មានការប្រឈមមុនដាក់គ្នា។

តាមការសង្កេតជាក់ស្តែង បើភាគីកម្មករនៅតែបន្តសាងសង់ទាំងយប់ អាចបង្កជាអំពើហិង្សា ខណៈអភិបាលខណ្ឌច្បារអំពៅ កោះហៅគូភាគីជួបគ្នារកវិធីដោះស្រាយនៅព្រឹកស្អែក៕