ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាចេញផ្សាយបង្ហាញថា រយៈពេល១០ខែ ឆ្នាំ២០២០ ប្រាក់ចំណូលដែលកម្ពុជាទទួលបានពីការនាំចេញអង្ករ ទៅ ក្រៅប្រទេស មានការកើនឡើងជិត៤៧លានដុល្លារ ដែលកំណើននេះស្មើនឹង១៥% បើប្រៀបធៀបនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩។ទឹកប្រាក់សរុប ដែលកម្ពុជាទទួលបានពីការនាំចេញអង្ករ ក្នុង រយៈពេល១០ខែ មានចំនួន ៣៦៦.៤៤លានដុល្លារ។
ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០នេះ បរិមាណអង្ករនាំចេញរបស់កម្ពុជា មានចំនួន ៥៣៦ ០៣៥ តោន ដែលមានការកើនឡើង១៧.១១% បើប្រៀបធៀបនឹងរយៈពេល១០ខែដូចគ្នា ឆ្នាំ២០១៩។
ចំពោះទីផ្សារចម្បងនៃការនាំចេញអង្កររបស់កម្ពុជា គឺទៅកាន់ប្រទេសចិន និងតំបន់ស្វយ័តរបស់ចិន (ហុងកុង ម៉ាកាវ តៃវ៉ាន់) មានចំណែក៣៦% បន្ទាប់មកគឺ បណ្តាប្រទេសចំនួន២៧នៅក្នុងទ្វីបអឺរ៉ុបមានចំណែក៣២% ហើយទីផ្សារបន្តបន្ទាប់ មានដូចជា បណ្តាប្រទេសជាសមាជិកអាស៊ានចំនួន៦ មានចំណែក១៣% បណ្តាប្រទេសនៅក្នុងទ្វីបអាហ្រិ្វកចំនួន១០ មានចំណែក៩%។
បណ្តាប្រទេសនៅក្នុងទ្វីបអាស៊ីនិងអូសេអានី ជាពិសេសគឺប្រទេសអូស្រ្តាលី និងញូហ្សេឡេន មានចំណែក៦% បណ្តាដែនកោះដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសបារាំង និងអាមេរិក មានចំណែក២% និងចុងក្រោយគឺ បណ្តាប្រទេសនៅក្នុងទ្វីបអាមេរិកខាងជើង និងប្រទេសនៅក្នុងមជ្ឈឹមបូព៌ា មានចំណែក ២%៕