- ព្រះអង្គម្ចាស់ នរោត្តម អម្រឹទ្ធីវង្ស អគ្គនាយកក្រុមហ៊ុន «Royal Future international Cambodia» បាននាំយកម៉ាស់ និងជែលមួយចំនួនជូនដល់សាលារាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩។
លោកឧកញ៉ា ឆាយ សុធា តំណាងក្រុមហ៊ុន និងសហការី នាំយកទៅប្រគល់ជូនសាលារាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។លោកឧកញ៉ា ឆាយ សុធា មានប្រសាសន៍ថា អំណោយជាទឹកព្រះទ័យដ៏ថ្លៃថ្លារបស់ព្រះអង្គម្ចាស់ នរោត្តម អម្រឹទ្ធីវង្ស ជូនដល់សាលារាជធានីភ្នំពេញនេះ មានម៉ាស់ពេទ្យ និងម៉ាស់ប្រអប់ ១៥,០០០ម៉ាស់ និងជែលលាងដៃ ២០០ដប។
លោកបានគូសបញ្ជាក់ថា អំណោយទាំងនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ ជាពិសេសសាលារាជធានីភ្នំពេញ ដែលបាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
លោក សេង វណ្ណៈ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលយកម៉ាស់ និងជែលជាអំណោយរបស់ព្រះអង្គម្ចាស់ នរោត្តម អម្រឹទ្ធីវង្ស។
តំណាងឱ្យលោក ឃួង ស្រេង, លោក សេង វណ្ណៈ គោរពថ្លែងអំណរព្រះគុណព្រះអង្គម្ចាស់ នរោត្តម អម្រឹទ្ធីវង្ស ដែលបានផ្តល់ជូនម៉ាស់ និងជែល។ លោកបានលើកឡើងថា ការផ្តល់ម៉ាស់ និងជែល នេះ គឺជាការរួមចំណែកដ៏សំខាន់មួយជាមួយសាលារាជធានីភ្នំពេញ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅក្នុងប្រទេសកម្ពុជា។
នេះក្នុងគោលដៅដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ចេញម៉ាស់ប្រមាណ ២លានម៉ាស់ សម្រាប់ចែកជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានទម្លាក់ម៉ាស់ទៅដល់អង្គភាពពាក់ព័ន្ធ និងនៅតាមសហគមន៍ក្រីក្រ ដើម្បីចែកជូនប្រជាពលរដ្ឋ។ បន្ថែមពីលើនោះ លោកអភិបាលរាជធានី ក៏បានចុះចែកដល់អ្នកធ្វើដំណើរលើដងវិថី។