អ្នកវិនិយោគិនវ័យក្មេងនៅកម្ពុជា លោកឧកញ៉ា ឡេង ណាវាត្រា អគ្គនាយកក្រុមហ៊ុន Calaxy Navatra Group បានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា បច្ចុប្បន្ននេះ ដោយសារតែការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាមួយនិងកំណើនប្រជាពលរដ្ឋរស់នៅទីក្រុងកាន់តែច្រើនជំរុញឲ្យមានតម្រូវការស្នាក់ផងដែរ ។ ហេតុដូច្នោះហើយធ្វើឲ្យការអភិវឌ្ឍលំនៅដ្ឋាននៅជាយក្រុងកំពុងតែមានសន្ទុះខ្លាំងនិងបន្តរីកចម្រើនជាបន្តបន្ទាប់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកឧកញ៉ាបានមានប្រសាសន៍ទៀតថា ក្រុមហ៊ុន Calaxy Navatra Group បានវិនិយោគលើវិស័យដីធ្លីមានដូចជា គម្រោងពុះដីឡូតិ៍ ផ្ទះល្វែង និងផ្សារទំនើបជាដើមហើយការវិនិយោគលើវិស័យអចលនទ្រព្យគឺខាងក្រុមហ៊ុនមិនមានការព្រួយបារម្ភរឿងហានិភ័យកើតឡើងនោះទេ ។
ដោយសារតែកម្ពុជាមានសុខសន្តិភាពនិងការរីកចម្រើនសេដ្ឋកិច្ចជាតិ។
លើសពីនេះ អ្នកវិនិយោគខាងលើថ្លែងទៀតថា ការអភិវឌ្ឍរបស់ក្រុមហ៊ុនលោកអាចឈជើងបាននៅលើទីផ្សារនិងជោគជ័យដល់សព្វថ្ងៃនេះ គឺមកពីទីតាំងគម្រោងល្អនៅក្នុងក្រុងមានតម្លៃសមរម្យនិងគុណភាពសំណង់ល្អហើយការផ្គត់ផ្គង់វិញមិនបានគ្រប់គ្រាន់តាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅឡើយទេ។
អ្នកវិនិយោគរូបនេះបន្ថែមថា ទៅថ្ងៃមុខតម្លៃអចលនទ្រព្យនិងផ្ទះល្វែងសម្រាប់ទីផ្សារមិនថមថយនោះទេ ហើយបើសិនប្រជាពលរដ្ឋមានថវិកាអាចទិញទុកមុននិងទិញដើម្បីវិនិយោគនោះជាឱកាសល្អ ដោយសារតែវិស័យនេះកាន់តែមានការរីកចម្រើនឈានឡើងទៅមុខជានិច្ច ៕