ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកស្រី ជា សិរី ឧបការីទេសាភិបាល ធនាគារជាតិនៃកម្ពុជា នឹងចូលរួមសន្និសីទស្តីពី ធនាគារកណ្តាលនាអនាគត តាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា នឹងអញ្ជើញចូលរួមសន្និសីទស្តីពី ធនាគារកណ្តាលនាអនាគត “Central Bank of the Future” ដែលសហការរៀបចំដោយធនាគារកណ្ដាល San Francisco និងសាកលវិទ្យាល័យផ្នែកហិរញ្ញវត្ថុ ច្បាប់ និងគោលនយោបាយនៃមជ្ឈមណ្ឌល Michigan និងគាំទ្រដោយមូលនិធិ Bill & Melinda Gates។

កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១:១០នាទី អធ្រាត្រ ​ម៉ោងនៅកម្ពុជា ​(ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៩:១០ នាទីព្រឹក ម៉ោងនៅរដ្ឋ San Francisco សហរដ្ឋអាមរិក)

តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារកណ្ដាលមួយចំនួនលើសកលលោក សាស្រ្តាចារ្យមកពីសាកលវិទ្យាល័យល្បីៗ អ្នកស្រាវជ្រាវ អ្នកជំនាញផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ និងមូលនិធិនានាជាច្រើនទៀត។

កម្មវិធីនេះនឹងផ្តល់ជាវេទិកាដើម្បីពិភាក្សានិងផ្លាស់ប្ដូរយោបល់រវាងវាគ្មិនល្បីៗ ក្នុងការរិះរកវិធីដែលធនាគារកណ្ដាលអាចបង្កើតនូវបរិយាបន្នសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងពិនិត្យលើប្រធានបទ “តើមុខងារទាំង៣ របស់ធនាគារកណ្ដាលអាចវិវត្តយ៉ាងដូចម្ដេច ដើម្បីបង្កើតប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន?”។ នៅក្នុងឱកាសនោះដែរ លោកជំទាវ ជា សិរី នឹងថ្លែងសន្ទរកថាគន្លឹះ ស្ដីពី “ការវិវត្តនៃតួនាទីរបស់ធនាគារកណ្ដាល ទាក់ទងទៅនឹងរូបិយវត្ថុ ទិន្នន័យ សន្តិសុខបច្ចេកវិទ្យា និងការត្រួតពិនិត្យ”៕