អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានអញ្ជើញចូលរួមអមដំណើរ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (Regional Comprehensive Economic Partnership-RCEP) និងពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃអាទិត្យ ១៥ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតមួយក្នុងពិភពលោក ត្រូវបានចុះហត្ថលេខាដោយប្រទេសអាស៊ានទាំងដប់ រួមនិងប្រទេសដៃគូ គឺ ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងណូវែលហ្សឺឡង់ ដែលកិច្ចព្រមព្រៀងនេះត្រូវបានបើកកិច្ចចរចាអស់រយៈពេល ៨ ឆ្នាំ មកហើយ ដែលដណ្តប់លើទីផ្សារប្រមាណ ២.២ពាន់លាននាក់ និងប្រមាណជា ៣០% នៃ ផលទុនជាតិសរុប (GDP) ពិភពលោក៕