សហព័ន្ធស្រូវអង្ករកម្ពុជា មានការសោកស្តាយ និងហួសចិត្តជាខ្លាំង ចំពោះទង្វើថ្មីៗបស់ជនអគតិមួយក្រុមតូច ដែលមានចេតនា និងមហិច្ឆតាអាក្រក់លើវិស័យស្រូវអង្ករកម្ពុជា ជាពិសេសទៅលើផលប្រយោជន៍របស់កសិករខ្មែរ ដែលទង្វើនេះត្រូវបានធ្វើឡើងដោយអតីតក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ នៅក្នុងតំបន់មួយនៃប្រទេសអូស្ត្រាលី។
បុគ្គលនោះដឹកនាំដោយឈ្មោះ ខៀវ ដារ៉ា ដែលបានតាំងខ្លួនថា ជាអ្នកតំណាងឱ្យពលរដ្ឋខ្មែរ-អូស្ត្រាលី ហើយបានដាក់ញ្ញត្តិទៅតំណាងរាស្ត្រអូស្ត្រាលីមួយរូបដោយបានចោទថា អង្កររបស់កម្ពុជាដែលបាននិងកំពុងនាំចេញទៅប្រទេសអូស្ត្រាលី មានការជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។
នេះជាការប្រឌិតរឿងដែលគ្មានមូលដ្ឋាន និងទឡ្ហីករណ៍ការពិតណាបន្តិចសោះ ក្រៅពីការចង់បំផ្លាញផលប្រយោជន៍របស់ប្រទេសកម្ពុជា ជាពិសេសផលប្រយោជន៍របស់កសិករខ្មែរ។
សហព័ន្ធស្រូវអង្ករកម្ពុជា សូមធ្វើការច្រានចោលទាំងស្រុងនូវការលើកឡើងនៅក្នុ្ងងញ្ញតិ្តរបស់ក្រុមអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ប្រចាំតំបន់មួយនៃប្រទេសអូស្ត្រាលី និងសូមស្នើសុំកុំឱ្យយកប្រជាកសិករធ្វើជាឈ្នាន់នយោបាយ និងបំផ្លាញទីផ្សារស្រូវអង្កររបស់កសិករ ហើយគួរណាស់តែគិតគូរជួយរកទីផ្សារជូនប្រជាកសិករខ្មែរវិញទើបជាការប្រសើរ។
សូមអានសេចក្តីថ្លែងការណ៍លម្អិតរបស់វិស័យស្រូវអង្ករកម្ពុជា ហើយសូមអំពាវនាវដល់ប្រជាកសិករ និងមហាជនទាំងក្នុងស្រុក និងក្រៅស្រុកសូមកុំឱ្យជឿតាមការប្រឌិត ការញុះញង់របស់ក្រុមជ្រុលនិយមទាំងនោះឱ្យសោះ។