ភ្នំពេញ៖ ថ្ងៃទី១៩វិច្ឆិកានេះ ជាថ្ងៃបញ្ចប់ការធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅវគ្គទី១ ចំពោះអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកា មនុស្សជាង ១៧០០នាក់ នៅភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ពោធិ៍សាត់ និងខេត្តកំពង់ធំ។
តាមសេចក្តីប្រកាស របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់ថា នៅរាជធានីភ្នំពេញ ចំនួន ១៥៦៩នាក់ ( មានជនជាតិហុងគ្រី ចំនួន ៥នាក់ ) ដោយរាប់ទាំងអ្នកវិជ្ជមាន ៤នាក់ ក្នុងនោះ ជាសះស្បើយ ម្នាក់ និង ៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។ ខេត្តកណ្តាល ចំនួន ៦៧នាក់ ខេត្តពោធិ៍សាត់ ចំនួន ៤០នាក់ ខេត្តព្រៃវែង ចំនួន ២៣នាក់ និងខេត្តកំពង់ធំ ចំនួន ៣នាក់។
ក្រសួងសុខាភិបាល បានប្រកាសថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកជំងឺកូវីដ១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិចិ្ឆកា នៅសល់ចំនួន ៣នាក់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ រីឯអ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកា ផ្ទាល់ និងប្រយោល សរុបចំនួន ១៤២២នាក់ ទទួលបានលទ្ធផលតេស្តពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់ សម្រាប់ការធ្វើតេស្ត លើកទី៤ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្រសួងសុខាបានបញ្ជាក់ថា «នេះជាលទ្ធផលដ៏ល្អមួយស្រាប់កម្ពុជា ដែលឈានទៅរកការបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា ស្របតាមសេចក្តីប្រកាសនៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកបដោយការគិតគូរខ្ពស់បំផុតដល់សុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយក៏សម្រាប់ការបានវិលត្រឡប់ទៅរកការរស់នៅធម្មតា តាមបែបគន្លងថ្មីវិញផងដែរ ដែលសម្តេចតេជោ បានកំណត់រួចហើយថា ព្រឹត្តិការណ៍ ៣វិច្ឆិកា នឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័ក តាមពេលវេលា ដូចខាងក្រោម៖ សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានរាជធានីភ្នំពេញ ចំនួន ១៥៦៩នាក់ ( មានជនជាតិហុងគ្រី ចំនួន ៥នាក់ ) ដោយរាប់ទាំងអ្នកវិជ្ជមាន ៤នាក់ ក្នុងនោះ ជាសះស្បើយ ម្នាក់ និង ៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។ ខេត្តកណ្តាល ចំនួន ៦៧នាក់ ខេត្តពោធិ៍សាត់ ចំនួន ៤០នាក់ ខេត្តព្រៃវែង ចំនួន ២៣នាក់ និងខេត្តកំពង់ធំ ចំនួន ៣នាក់។
សម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ គឺខេត្តកំពង់ឆ្នាំង ចំនួ១១នាក់។ សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ មានខេត្តកែប ចំនួន ១៨នាក់ ខេត្តព្រះសីហនុ ចំនួន ៤០នាក់ និងខេត្តកំពង់ចាម ចំនួនម្នាក់។ សម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានខេត្តព្រះវិហារ ចំនួន ២០នាក់ និងខេត្តរតនគិរី ចំនួន ១០នាក់។
ក្រសួងសុខាផិបាល បានអំពាវនាវ និងក្រើនរំលឹកសាជាថ្មី សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការការពារខ្លួនពីការចម្លងវីរុសកូវីដ១៩ ដោយត្រូវពាក់ម៉ាស ( ក្នុងករណីចាំបាច់ ) លាងដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលយ៉ាងតិចមួយម៉ែត្រកន្លះ ដើម្បីទប់ស្កាត់ការចម្លងពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ ពីបុគ្គលទៅក្រុមគ្រួសារ និងពីបុគ្គល ចូលក្នុងសហគមន៍។
អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកា ត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី១៨ ខែវិច្ឆិកាថា មានចំនួនសរុប ១៨០២នាក់ នៅ ១១រាជធានីខេត្ត។ ក្នុងនោះ អ្នកដែលត្រូវធ្វើចត្តាឡីស័ក ត្រូវបន្តធ្វើឲ្យបានត្រឹមត្រូវ និងគ្រប់ចំនួន ១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕