ភ្នំពេញៈ លោក Wu Chuanbing ទីប្រឹក្សាស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅគេហដ្ឋានលោកញឹក ប៊ុនឆៃ នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក ញឹក ប៊ុនឆៃ បានថ្លែងថា ដោយទទួលបានដំណឹងថា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច រួបរួមគ្នាឡើងវិញ ដោយគណៈប្រតិភូចិនចង់ឲ្យបញ្ជាក់ច្បាស់អំពីការរួបរួមគ្នានេះ និងពាក់ព័ន្ធការធ្វើសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ រវាងគណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សខ្មែរតែមួយ ដែលនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។
លោកបានអះអាងថា នៅចុងខែវិច្ឆិកានេះ ឬដើមខែធ្នូ គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច នឹងចាប់ផ្តើមដំណើរការអំពីការបង្រួបបង្រួមគ្នារវាងគណបក្សទាំងពីរសម្រាប់ការចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ខាងមុខនេះដើម្បីទទួលសម្លេងនិងការគាំទ្រពីប្រជាពលរដ្ឋ។
ចំណែក លោក Wu Chuanbing បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា និងថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្តចិន ជូនចំពោះលោក ញឹក ប៊ុនឆៃ។ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលប្រជាជនកម្ពុជា សម្រេចបានលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ។
ទីប្រឹក្សាស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក៏បានផ្សព្វផ្សាយដោយសង្ខេបនូវខ្លឹមសារដ៏សំខាន់នៃសន្និបាតពេញអង្គលើកទី៥ នៃគណៈកម្មាធិការ កណ្តាលគណបក្សកុម្មុយនីស្តចិនអាណត្តិទី១៩ ហើយបាននាំយកនូវសៀវភៅដ៏មានគុណតម្លៃមានចំណងជើងថា “XI JINPING THE GOVERNANCE OF CHINA” ភាគទី៣ របស់លោកប្រធានាធិបតី ស៊ី ជីនភីង ជូនលោក ញឹក ប៊ុនឆៃ ។
លោក ញឹក ប៊ុនឆៃ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំបក្ស និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយគាំទ្រ និងផ្តល់ជំនួយយ៉ាងច្រើនមកជួយដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ដែលបានធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះ លោក ញឹក ប៊ុនឆៃ ក៏បានប្រាប់គណៈប្រតិភូចិនផងដែរ អំពីជំហរក្នុងការគាំទ្រនយោបាយចិនតែមួយ និងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងដោយសន្តិវិធីនិងដោយសន្តិភា៕
ប្រភពព័ត៌មាននិងរូបថតដោយ BAYON Radio