ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ ពាក់ពន័្ធជួយអន្តរាគមន៍ ចែក​ទឹក​ដល់​ប្រជាពលរដ្ឋ និង​ជីក​អណ្តូង​បន្ថែម​

ខេត្តកណ្តាល៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវឲ្យអាជ្ញាធរតាម​បណ្តា​ខេត្ត ដែល​កំពុង​ខ្វះខាត​ទឹក ប្រើប្រាស់ត្រូវរក​វិធី​ដោះស្រាយ មិនត្រូវ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​ណាមួយ ដែល​គ្មាន​ប្រភពទឹក ខ្វះ​ទឹក​​ប្រើប្រាស់នោះទេ ត្រូវមានរថយន្ត​ដឹក​ទឹក ទៅកាន់​តំបន់​ទាំងនោះ ហើយ​ត្រូវ​ជំរុញ​ការជីក​អណ្តូង​បន្ថែម​។​

​ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់ថា ​គ្រប់​ខេត្ត​ទាំងអស់ ត្រូវ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ ផ្អាក​ឈប់​ធ្វើស្រែ​ប្រាំង​តទៅទៀត បន្ទាប់ពី​ការ​ច្រូតកាត់រួចរាល់​ហើយ ព្រោះ​ដោយសារ​ខ្វះ​ទឹក ស្រូវ​ក៏​មិនទាន់​ចេញ រីឯ​ទឹក​ក៏​ខ្វះ​ប្រើ​។ ដូច្នេះ​ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​នេះ​។​

​សូម​រម្លឹកថា ចាប់ពី​ដើមខែ​កុម្ភៈ​នេះ កង្វះទឹកស្អាត​ប្រើប្រាស់ បាន​កើតឡើង​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។ ចាប់តាំងពី​ថ្ងៃទី​១២ ខែកុម្ភៈ អាជ្ញាធរ​ខេត្តកោះកុង បាន​ដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ នៅ​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ហើយ​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ពន្ធនាគារ​ខេត្តព្រះវិហារ ក៏​​ខ្វះខាត​ទឹក​ប្រើប្រាស់​ផងដែរ​។​

​ជាមួយគ្នា​នោះដែរ នៅ​ស្ទឹង​ស្ទោង ក្នុងស្រុក​ស្ទោង ខេត្តកំពង់ធំ ក៏​រីង​ខះ ដោយ​អន្លើៗ នាំ​ឲ្យ​ប្រជាពលរដ្ឋ ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ម្សាក្រង បាន​ប្រឈម​នឹង​ការខ្វះខាត​ប្រើប្រាស់​ប្រចាំថ្ងៃ​។ ដោយឡែក នៅ​ភូមិសាស្ត្រ​ខេត្ត​ដទៃទៀត ដូចជា នៅ​ស្រុក​លើកដែក ខេត្តកណ្តាល និង​នៅ​ស្រុក​មេសាង ខេត្តព្រៃវែង  ក៏​ប្រឈម​នឹង​បញ្ហា​ខ្លះ​ទឹក​ប្រើប្រាស់ដែរ​។​

​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម រួមទាំង​អាជ្ញាធរខេត្ត​ ស្រុក​ ឃុំ បាន​អន្តរាគមន៍ ដោយ​ដាក់​ម៉ាស៊ីនបូមទឹក បូកពីទន្លេ បញ្ចូល​តាម​ប្រ​ឡាញ ព្រមទាំង​ផ្តល់នូវ​អណ្តូងទឹក​បំពាក់​ម៉ូ​ទ័​រ​បូម​ជាច្រើន​កន្លែង សម្រាប់​ផ្គត់ផ្គង់​ទឹក​ប្រើប្រាស់ នៅក្នុង​មូលដ្ឋាន​ផង និង​សម្រាប់​ជួយសង្គ្រោះ​ស្រូវប្រាំង​។ ក្រៅពីនោះ ក៏មាន​ជីក​ស្រះ និង​អណ្តូង​បន្ថែម​ជាច្រើន ជាច្រើនទៀត​។​

​កាលពី​ខែមករា ដើមឆ្នាំ​២០១៩​ ប្រមុខ​រាជរដ្ឋាភិបាល បានចេញ​ប្រកាស​រួចហើយ ដើម្បី​ក្រើនរម្លឹក​ពី​ការខ្វះ​ទឹក​ប្រើប្រាស់ ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន ចាត់វិធានការ​ថែរក្សា​ទឹក ខណៈដែល​នៅ​រដូវប្រាំង​នេះ អាកាសធាតុ​ឡើងក​ម្តៅ​ក្តៅ​ខ្លាំង ពិសេស​នៅ​ខែមេសា​ខាងមុខ​។

​សូម​រម្លឹកថា កាលពី​អំឡុង​ខែប្រាំង ឆ្នាំ​២០១៦ គឺ​នៅ​ខែមេសា និង​ខែឧសភា នៅ​ទូទាំងប្រទេស​កម្ពុជា ​ជួបប្រទះ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​។ កាលណោះ អាជ្ញាធរ​សមត្ថកិច្ច​គ្រ​ប់​លំដាប់ថ្នាក់ តាំងពី​ថ្នាក់ជាតិ ដល់​ថ្នាក់មូលដ្ឋាន សមាជិក​រាជរដ្ឋាភិបាល តំណាងរាស្ត្រ ព្រឹទ្ធសភា  បាន​ចាត់វិធានការ​ចែក​ទឹក​ដល់​ប្រជាពលរដ្ឋ ទាំង​ទឹកស្អាត​ប្រើប្រាស់​ប្រចាំថ្ងៃ ​ទឹកបរិសុទ្ធ សម្រាប់​បរិភោគ​។ ស្រះ​ទឹក និង​អណ្តូង​ជាច្រើន​កន្លែង ក៏ត្រូវ​បាន​ជីក​ជូន​ប្រជាពលរដ្ឋ ដើម្បី​យក​ទឹក​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ​៕​