ភ្នំពេញ៖ ស្ត្រីដើមកំណើតខ្មែរម្នាក់ គឺលោកស្រី Suely Saro អាយុ៣៩ឆ្នាំ ជាស្ត្រីខ្មែរ-អាមេរិកាំងដំបូង ដែលមានប្រជាប្រិយភាព អាចដណ្តើមបានជ័យជម្នះលើការ បោះឆ្នោតប្រជែងយកតំណែងជាក្រុមប្រឹក្សាទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិក ដោយលោកស្រី បានផ្តួលលោក Dee Andrews ដែលកំពុងកាន់តួនាទី។ លទ្ធផលឆ្នោតនាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ថ្មីៗនេះ លោកស្រី Suely Saro ទទួលបាន សំឡេងឆ្នោតគាំទ្រ៥៩.៨ភាគរយ ខណៈគូប្រជែងគាត់ទទួលបានសំឡេងឆ្នោតត្រឹម៤០.២ភាគរយ។
តាមការប៉ាន់ប្រមាណ មានប្រជាជន ដើមកំណើតខ្មែរ ចន្លោះពី៥ម៉ឺនទៅ៧ម៉ឺននាក់ កំពុងរស់នៅក្នុងទីក្រុងឡុងប៊ិច ដែលខ្មែរ-អាមេរិកកាំងខ្លះបានទៅរស់នៅចាប់តាំងពីដែលប្រទេសកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិលឆ្នាំ១៩៧០ និងនៅពេលប្រទេសកម្ពុជា បានធ្លាក់ក្រោមការតគ្រប់គ្រងនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។
សូមបញ្ជាក់ថា លោកស្រី Suely Saro កើតនៅក្នុងជំរុំជនភៀសខ្លួន-ថៃ បន្ទាប់ពីឪពុកម្តាយរបស់លោកស្រីបានរត់គេចពីអំពើប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានបន្តទៅរស់នៅភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលជាមាតុភូមិទី២ថ្មី សម្រាប់គ្រួសារលោកស្រី និងជនភៀសខ្លួនខ្មែររាប់ពាន់នាក់ផ្សេងទៀត។
លោកស្រី Suely Saro បានបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ ដោយទទួលបានសញ្ញាប័ត្របណ្ឌិតផ្នែកអប់រំ។ លោកស្រីមានប្រវត្តិការងារជាសមាជិកមហាវិទ្យាល័យផ្នែកសង្គម នៃសាកលវិទ្យាល័យ រដ្ឋកាលីហ្វ័រញ៉ា។ ស្វាមីរបស់លោកស្រី គឺលោក សារ៉ូ ស៊ីវុត្ថា ហៅ សារ៉ូ សុវិជ័យ អតីតសកម្មជននិស្សិតនៃបក្សប្រឆាំងដ៏សកម្មក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីលោករត់ភៀសខ្លួនចេញពីកម្ពុជា ហើយស្វែងរកសិទ្ធិជ្រកកោននយោយបាយនៅសហរដ្ឋអាមេរិក៕