ភ្នំពេញ៖ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានផ្តល់បទសម្ភាសន៍តាមប្រព័ន្ធអនឡាញ ជាមួយវិទ្យាស្ថានគោលនយោបាយសាធារណៈលីក្វាន់យូ ប្រទេសសិង្ហបុរី អំពីបទពិសោធនិងចំណាប់អារម្មណ៍របស់លោកស្រីផ្ទាល់ក្នុងការចូលរួមកម្មវិធីបណ្តុះបណ្តាលថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងវិស័យសាធារណៈ (The Lee Kuan Yew Senior Fellowship in Public Service programme)។
ក្នុងបទសម្ភាសន៍នេះ លោកស្រី បានមានប្រសាសន៍ផ្តោតលើការចេះគ្រប់គ្រង ហានិភ័យ និងការសម្រេចចិត្តប្រកបដោយសេចក្តីក្លាហាននិងទំនួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ។
លោកស្រីបានចែករំលែកបទពិសោធន៍ក្នុងការសម្រេចចិត្តផ្សេងៗ ផ្តួចផ្តើម និងដឹកនាំគម្រោងបាគង ព្រមទាំងគម្រោងសប្បុរសធ៌មនានាផងដែរ។
លើសពីនេះ លោកស្រីបានបង្ហាញពីចំណាប់អារម្មណ៍និងចំណងចំណូលចិត្តផ្ទាល់ខ្លួនចំពោះសិល្បៈគំនូរ ក៏ដូចជា ការងារមនុស្សធម៌។
សូមបញ្ជាក់ថា នាពេលកន្លងទៅថ្មីៗនេះ លោកស្រី បានបរិច្ចាគថរិកាដែលទទួលបានពីការតាំងពិព័រណ៍គំនូរជូនដល់មូលនិធិរក្សាកុមារ ដែលជាមូលនិធិមួយបង្កើតឡើងដោយលោកស្រីផ្ទាល់ដើម្បីជួយដល់កុមារកម្ពុជាឱ្យទទួលបាននូវការគាំពារផ្នែកសុខភាពនិងតម្រូវការសុខុមាលភាពជាមូលដ្ឋាន៕