ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចាងហ្វាងសារពត៌មាន iDol Media ស្នើសុំឲ្យតុលាការតម្កល់មិនចាត់ការ ចំពោះរឿងក្តីលោកមេធាវី ឡោ គីមហ្គិច ប្ដឹងសារពត៌មាន iDol Media

ភ្នំពេញ៖ ករណីលោកមេធាវី ឡោ គីមហ្គិច ប្ដឹង លោក យិន ពិសិដ្ឋ ចាងហ្វាងសារពត៌មាន iDol Media ដែលផ្សាយព័ត៌មានតាមសំណូមពរប្រជាពលរដ្ឋ ៤គ្រួសារ ដោយប្រជាពលរដ្ឋចោទប្រកាន់ថា លោក មេធាវី ឡោ គីមហ្គិច រំលោភឈូសឆាយដីធ្លីរបស់ពួកគាត់ កាលពីព្រឹកថ្ងៃ០៣ ខែតុលា ឆ្នាំ២០២០ ចំណុចវាលអន្ត្រាង ក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ក្រោយពីសារព័ត៍មានiDol Media បានផ្សព្វផ្សាយមក លោកមេធាវី ឡោ គឹមហ្គិច បានប្ដឹងលោកចាងហ្វាង សារព័ត៌មាន iDol Media  ចូលសាលាដំបូងរាជធានីភ្នំពេញ ។ ក្រោយមកនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២០ លោកសំម ឫទ្ធីវាសនា ព្រះរាជអជ្ញារងសាលាដំបូងរាជធានីភ្នំពេញ កោះហៅមកសាកសួរ ។

ក្រុមអ្នកច្បាប់មួយចំនួនលើកឡើងថា បើតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៣០៦ : ចែងថា ” អំពើបរិហារកេរ្តិ៍តាមសារព័ត៌មាន ត្រូវស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីរបបសារព័ត៌មាន ” ។

យោងតាមមាត្រា (៣០៦) នេះ លោក ឡោ គីមហ្គិច ជាមេធាវីម្នាក់ផងនោះ មិនគួរយករឿងតូចតាចបង្កឱ្យទៅជាធំនោះទេ គួរតែចាត់នីតិវិធីតាមច្បាប់ស្ដីពីរបបសារព័ត៌មានវិញ ទើបជាការត្រឹមត្រូវ គឺធ្វើលិខិតឆ្លើយតបបំភ្លឺបកស្រាយមកកាន់ការិយាល័យនិពន្ធសារព័ត៌មាន iDol Media ។

យោងតាម ច្បាប់ស្ដីពីរបបសារព័ត៌មានបង្ហាញថា ÷ មាត្រា ១ : សារព័ត៌មាន មានសេរីភាព និងឯករាជ្យ ពេញលេញតាម មាត្រា ៣១ និង មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ស្ដីពីរបបសារព័ត៌មាន មាត្រា ២ : សារព័ត៌មាន មានសិទ្ធិរក្សាការសម្ងាត់ ស្ដីពីប្រភពព័ត៌មានរបស់ខ្លួន។ មាត្រា ៤ : មិនអាចត្រូវផ្ដន្ទាទោសបានឡើយ ប្រសិនបើការផ្សាយនោះ មានលក្ខណៈស្របតាមសភាពពិតពេញលេញ នៃសេចក្តីសង្ខេបត្រឹមត្រូវតាមរឿងពិត។

ច្បាប់ស្ដីពីរបបសារព័ត៌មានដដែល មាត្រា ១០ : ជនណាម្នាក់ដែលយល់ថា អត្ថបទណាមួយ ទោះជាសរសេរបញ្ឆិតបញ្ឆៀងក៏ដោយ រូបគំនូរ រូបថតណាមួយនៃសារព័ត៌មានណាមួយ ដែលមានលក្ខណៈខុសពីការពិត ឬធើអោយខូចខាតដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ជននោះមានសិទ្ធិទាមទារឱ្យសារព័ត៌មាននោះ ធ្វើការកែតម្រូវ ឬមានសិទ្ធិបំភ្លឺឆ្លើយតប ។

ដូច្នេះ បើមានការផ្សាយនូវចំណុចណាដែលខ្វះការពិត មានចំណុចខ្លះត្រូវ និងចំណុចខ្លះខុស សាមីភាគីដែលកើតទុក្ខមិនសុខចិត្ត អាចសរសេរលិខិតបកស្រាយ ផ្ញើទៅកាន់ការិយាល័យនិពន្ធសារព័ត៌មាន (ចាងហ្វាង – និពន្ធនាយក) ដើម្បីសុំសិទ្ធិបំភ្លឺបកស្រាយ ទៅកាន់សាធារណជនវិញ, តែ លោកមេធាវី ឡោ គីមហ្គិច មិនអនុវត្តតាមនីតិវិធី ” ច្បាប់ស្ដីពី របបសារព័ត៌មាន ” នោះទេ បែរជាដាក់ពាក្យបណ្ដឹងប្ដឹង លោកចាងហ្វាងការផ្សាយ ទៅតុលាការក្នុងសំណុំរឿងព្រហ្មទណ្ឌ ជាជាងការឆ្លើយបំភ្លឺទៅវិញ ដែលផ្ទុយពីរបបសារព័ត៌មាន គឺកំណត់ក្នុងបណ្ដឹងរដ្ឋប្បវេណី ព្រោះការផ្សាយនោះ មិនមានចរិតញុះញង់នាំឲ្យវឹកវរដល់សង្គម ឬប៉ះពាល់ដល់សន្តិសុខជាតិនោះឡើយ?

ម្យ៉ាងការប្ដឹង លោក យិន ពិសិដ្ឋ អំពី ” បរិហាកេរ្ដិ៍ , មួលបង្កាច់កេរ្ដិ៍ ” ពិតជាមិនត្រឹមត្រូវនោះទេ ព្រោះការផ្សាយរបស់ លោក យិន ពិសិដ្ឋ ផ្សាយតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៃការពិតទាំងស្រុង និងហេតុការណ៍ដែលកើតឡើងជាក់ស្ដែង មានទាំងរូបភាពវីដេអូបញ្ជាក់ពីហេតុការណ៍ជាក់ស្ដែង និងសំឡេងរៀបរាប់របស់ប្រជាពលរដ្ឋដែលរាយការណ៍ផ្ដល់បទសម្ភាសន៍ទាំងស្រុង។ ជាការគួរ ភាគីទាំងពីរ គឺ លោក យិន ពិសិដ្ឋ និងលោកមេធាវី ឡោ គីមហ្គិច គួរតែរិះរកមធ្យោបាយបង្រួមទំនាស់ ជាជាងពង្រីកបញ្ហាទំនាស់។

ការប្ដឹងលោកចាងហ្វាងការផ្សាយ ទៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ដោយរំលងលើបញ្ញត្តិសិទ្ធិឆ្លើយបំភ្លឺតបបែបនេះ ហាក់ដូចជា បំបាក់ស្មារតី និងរំលោភបំពាន ក្រមសីលធម៌ វិជ្ជាជីវ: សេរីភាព ឯករាជ្យភាព របស់អ្នកសារព័ត៌មានពន់ពេកណាស់ ដែលនេះ គឺជាការគួរឱ្យព្រួយបារម្ភជាខ្លាំង។

នៅពេលចូលឆ្លើយបំភ្លឺចំពោះមុខតំណាងអយ្យការ លោក យិន ពិសិដ្ឋ បានសំណូមពរដល់តុលាការសុំរឿងក្តីនេះទុកមិនចាត់ការ។ លោកបញ្ជាក់ថា រាល់ការផ្សាព្វព័ត៍មាននោះ គឺមិនមានចេតនាបណ្តុះបង្អាប់ ហែកហួរ មួលបង្កាច់ បរិហា កេរ្តិ៍ លោកមេធាវី ឡោ គីមហ្គិច នោះទេ ។ រាល់ការផ្សាយព័ត៍មាននោះ ដោយផ្អែក ទៅលើអ្វីដែលប្រជាពលរដ្ឋផ្តល់ឲ្យតែប៉ុណ្ណោះ ៕