ដើម្បីទាក់ទាញអ្នកវិនិយោគ និងកាត់បន្ថយថ្លៃដើម នៃការផលិតរាជរដ្ឋាភិបាលគួរតែបង្កើតតំបន់រដ្ឋបាលពិសេស ឬតំបន់ស្វយ័តសេដ្ឋកិច្ចពិសេស ចំនួនបីតំបន់ជាបឋម។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានស្នើរដល់រាជរដ្ឋាភិបាលគួរតែបង្កើតតំបន់រដ្ឋបាលពិសេស នៅតាមបណ្តាខេត្តផ្សេងៗមានចំនួន៣ចំណុចរួមមាន។
ទី១. ខេត្ត ព្រះសីហនុ កំពត និងខេត្តកោះកុង
ទី២. តាមព្រំដែនវៀតណាម មានខេត្តស្វាយរៀង ព្រៃវែង និងខេត្តត្បូងឃ្មុំ
ទី៣. តាមព្រំដែនថៃ មានខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ។
លោកឧកញ៉ាបានបញ្ជាក់ថា ចំពោះខេត្តដទៃទៀតគួរតែបង្កើនការអនុម័តទំហំទឹកប្រាក់នៃការវិនិយោគឲ្យបានធំជាង២លានដុល្លារ ដែលមានអនុគណកម្មការវិនិយោគខេត្តស្រាប់ ហៅថា (CDC ខេត្ត) ។
លោកឧកញ៉ាលឹម ហេង បន្តទៀតថា អត្ថប្រយោជន៍ដែលអាចទទួលបាន
គឺទាក់ទាញ អ្នកវិនិយោគទាំងចាស់ទាំងថ្មីទាំងក្នុងស្រុកនិងមកពីបរទេស ងាយស្រួលទទួលបាននូវរាល់សេវាបែបបទ រដ្ឋបាលនៅក្បែររោងចក្រសហគ្រាសដែលត្រូវស្នើសុំបង្កើតថ្មី នឹងនាំចេញនាំចូលនូវរាល់ផលិតផលដែលផលិតបាន ។
ម្យ៉ាងទៀតជួយកាត់បន្ថយថ្លៃដើមតាមរយៈការដឹកជញ្ជូនដែលមានតម្លៃថ្លៃទ្វេរដង។ ហើយកន្លងមកមានរោងចក្រសហគ្រាសមួយចំនួន នាំចូលទំនិញឬវត្ថុធាតុដើមពីកំពង់ផែក្រុងព្រះសីហនុ និងតាមបណ្តាមាត់ច្រកព្រំដែនផ្សេងៗទៀតមកកាន់រោងចក្រនៅជុំវិញ រាជធានីភ្នំពេញ ។
នៅផលិតរួចដឹកនាំចេញទៅវិញអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ៤ និងតាមបណ្តាផ្លូវជាតិផ្សេងៗទៀត និងកាត់បន្ថយការកកស្ទះចរាចរណ៍ នៅជុំវិញរាជធានីភ្នំពេញ ផងដែរ ។
លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា ការបង្ខិតរោងចក្រ សហគ្រាសផ្សេងៗទៀតដល់មូលដ្ឋាន វាអាចជួយកាត់បន្ថយនូវពលករចំណាកស្រុក
កាត់បន្ថយការបំពុលបរិស្ថាន នៅជុំវិញទីក្រុងនាពេលបច្ចុប្បន្ននិងពេលអនាគត និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ៕