ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានលើកជាយោបល់ជូនចំពោះក្រសួងអប់រំយុវជន និងកីឡា ពិចារណាការបូកពិន្ទុប្រចាំឆមាស របសរបស់សិស្សថ្នាក់ទី១២ ហើយកំណត់មធ្យមភាគដែលអាចជាប់ ជំនួសឲ្យការប្រឡងដែលគ្រោងប្រព្រឹត្ដនៅអំឡុងខែមករា ឆ្នាំ២០២១។
សម្ដេចតេជោថ្លែងទៀតថា ក្នុងនាមថ្នាក់ដឹកនាំប្រទេសពិតជាមានការខ្វាយខ្វល់ណាស់ ចំពោះសុវត្ថិភាពសុខភាពប្រជាពលរដ្ឋ ពិសេសគឺសិស្សនុសិស្សដែលសសរទ្រូងប្រទេសជាតិ ខណៈប្រទេសកំពុងតែរងគ្រោះព្រោះជំងឺសកលបែបនេះ ហើយមិនទាន់មានវ៉ាក់សាំងការពារ។ ដូច្នេះសម្ដេចគិតថា ជម្រើសនៃការបូកពិន្ទុសិស្សនេះ គឺល្អប្រសើរបំផុតក្នុងកាលៈទេសៈដ៏លំបាកនេះ។
សម្តេចបន្តថា បើសិនជាក្រសួង សម្រេចយកតាមអ្វីដែលសម្ដេចផ្ដល់យោបល់នេះ ក្រសួងគួរចាប់ផ្ដើមពីពេលនេះទៅ ដើម្បីឲ្យសិស្សឆាប់បានដឹងពីលទ្ធផលរបស់ខ្លួន ហើយត្រៀមខ្លួនដើម្បីបន្ដចាប់មុខជំនាញសិស្សានៅថ្នាក់ឧត្ដមសិស្សា ។ នេះគឺជានយោបាយដែលត្រូវតែមានការបត់បែន ឲ្យស្របទៅតាមស្ថានភាពដែលប្រទេសជាតិកំពុងតែស្ថិតក្នុងកាលៈទេសៈដ៏លំបាក ព្រោះការរាត្បាតជំងឺសកល។
ក្រសួងអប់រំ យុវជន និងកីឡា បានស្រេចលើកពេលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ជាបន្ដបន្ទាប់ ព្រោះតែបង្ការការចម្លងជំងឺកូវីដ១៩។ ជារៀងរាល់ឆ្នាំដំណើរការប្រឡងតែងតែរៀបចំឡើងនៅពាក់កណ្ដាលខែសីហា ក៏ប៉ុន្តែដោយសារការសិក្សាឆ្នាំ២០២០នេះ មានភាពរអាក់រអួល ក្រសួងអប់រំក៏ត្រូវបង្ខំចិត្ដលើកពេលប្រលង មករៀបចំនៅចុងខែធ្នូ ឆ្នាំ២០២០វិញ ក៏ប៉ុន្ដែដោយសារតែការលេចធ្លាយជំងឺកូវីដ១៩ចូលទៅក្នុងសហគមន៍ ដែលហៅថា ព្រឹត្ដការណ៍សហគមន៍២៨វិច្ឆិកា បានកើតឡើង ក្រសួងអប់រំ ត្រូវបង្ខំចិត្ដជាថ្មីលើកពេលប្រឡងជាលើកទី២ ទៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១៕