ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រាជរដ្ឋាភិបាលបានត្រៀមថវិកា ១០០ទៅ២០០លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩

សម្ដេចតេជោ ហ៊ុន សែន បាន​ថ្លែងសារពិសេសទាក់ទិននឹងបញ្ហាជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងកូវីដ-១៩ កាលពីថ្ងៃទី១៥ខែធ្នូនេះ ដោយសម្តេចថ្លែង​ថា «រាជរដ្ឋាភិបាល បានត្រៀមថវិកា ១០០ ទៅ២០០លានដុល្លារ សម្រាប់ទិញវ៉ាក់សាំង កូវីដ-១៩»។

សម្តេចបានថ្លែងទៀត​ថា ​រាជរដ្ឋាភិបាលមានថវិកាក្នុងដៃប្រមាណ ៥៣៨លានដុល្លារហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងស្តារឡើងវិញសេដ្ឋកិច្ចឡើងវិញ។​ កម្ពុជាទទួលទិញវ៉ាក់សាំងរបស់ប្រទេសណា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។ សម្តេចមិនយកប្រជាពលរដ្ឋទៅធ្វើតេស្តវ៉ាក់សាំងរបស់ប្រទេសណាមួយនោះឡើយ។

រាជរដ្ឋាភិបាលបានត្រៀមឃ្លាំងដែលអាចទុកវ៉ាក់សាំងរហូតដល់ -៨០ អង្សារ ឬក្រោមនេះ ហើយ​​សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ និងបទបញ្ជាចំនួន៤ ដើម្បីទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍៖

១) តាមដានអ្នកនៅសេសសល់មិនទាន់ធ្វើតេស្តគ្រប់ចំនួន ឬធ្វើចត្តាឡីស័កមិនទាន់គ្រប់ថ្ងៃឱ្យបានម៉ឺងម៉ាត់។ អាជ្ញាធរត្រូវពិនិត្យ កុំពឹងផ្អែកលើគ្រូពេទ្យ គ្រូពេទ្យហត់ណាស់ហើយ។
២) ត្រូវអនុវត្ត ៣ការពារ (ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង)។
៣) ត្រូវអនុវត្ត ៣កុំ ( ១៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល, ២៖ កុំទៅកន្លែងមនុស្សច្រើនកុះករ, ៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ១៩ កុំចេញក្រៅ ហើត្រូវទាក់ទងទៅគ្រូពេទ្យ)។
៤) នៅតាមកន្លែងលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សារទំនើប និងធនាគារ ត្រូវត្រួតពិនិត្យបើគ្មានម៉ាស់មិនឱ្យចូល វ៉ាស់កម្តៅ និងរៀបចំកន្លែងអង្គុយរក្សាគម្លាត តាមបន្ទប់ទឹកត្រូវមានសាប៊ូលាងដៃ។

អាជ្ញាធរត្រូវពិនិត្យតាមអាហារដ្ឋាន ភោជនីយដ្ឋាន បើមិនអនុវត្តន៍តាមគោលការណ៍នេះ ត្រូវបិទបណ្តោះអាសន្ន។ ពិនិត្យលទ្ធភាពផ្តល់ក្របខណ្ឌបន្ថែមឱ្យគ្រូពេទ្យតាមរយៈការប្រលង ឬគ្រូពេទ្យជាប់កិច្ចសន្យា។ សម្តេចតេជោ ហ៊ុន សែន អរគុណវិទ្យាស្ថានប៉ាស្ទ័រ វិទ្យាស្ថានប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់អាមេរិក និងអង្គការសុខភាពពិភពលោក ដែលបានចូលរួមជាមួយកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យផ្គត់ផ្គង់សម្ភារ បរិក្ខារពេទ្យ ជាពិសេសម៉ាស់ អាវ ទៅមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលត្រូវជួយរុករកអ្នកជំងឺកូវីដ-១៩ មិនត្រូវឱ្យខ្វះសម្ភារ បរិក្ខារពេទ្យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩មួយចំនួន ដូចប្រទេសជឿនលឿនមួយចំនួននោះឡើយ៕