ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបញ្ចេញថវិកា ចំនួន ៣៥០លានរៀល ជូនដល់ខេត្ដចំនួន ៧ ដែលជាប់ព្រំដែនជាមួយប្រទេសថៃ ដោយក្នុងមួយខេត្ដទទួលបានថវិកា ៥០លានរៀល សម្រាប់ជូនប្រជាពលរដ្ឋក្រីក្រ អំឡុងធ្វើចត្តាឡីស័ក ក្រោយពីធ្វើដំណើរមកពីប្រទេសថៃវិញ។
នេះបើយោងតាមលិខិតរបស់ក្រសួងសុខាភិបាល ដែលអ្នកសារព័ត៌មានទទួលបាននៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះបង្ហាញថា ខេត្ដទាំង ៧ នេះរួមមាន ខេត្ដកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្ដរមានជ័យ និងខេត្ដ ព្រះវិហារ។
យោងតាមលោកស្រី យក់ សម្បត្តិ ដែលសម្រង់សម្ដីដោយសារព័ត៌មានក្នុងស្រុកបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែនបានប្រាប់ឲ្យអភិបាលខេត្ដទាំង៧ ខាងលើបំពេញការងារដោយការទទួលខុសត្រូវឲ្យបានខ្ជាប់ខ្ជូន ដោយត្រូវរឹតបន្តឹង និងពង្រឹងការធ្វើចត្តាឡីស័កឱ្យបាន រយៈពេល១៤ថ្ងៃ ទាំងពលករខ្មែរទៅធ្វើការនៅប្រទេសថៃ និងត្រឡប់មកវិញ ដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩ ហើយការធ្វើចត្តាឡីស័កនេះ ត្រូវធ្វើឡើងនៅព្រំដែនតែម្តង។
សូមជម្រាបជូនថា ការបញ្ចេញថវិកាជូនទៅកាន់ខេត្ដទាំង៧ នាពេលនេះ ខណៈដែលខេត្ដសាមុតសាខន ដែលស្ថិតនៅចំងាយប្រមាណ ៣០០គីឡូម៉ែត្រពីកម្ពុជា មានពលរដ្ឋថៃប្រមាណ ៥០០នាក់បានឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេលមួយថ្ងៃ ដែលនាំឲ្យរដ្ឋបាលខេត្ដនេះ សម្រេចដាក់បម្រាមគោរចរ ចាប់ពីម៉ោង ២២និង០០នាទី យប់ ដល់ម៉ោង ៥ និង០០នាទីព្រឹក រហូតដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១៕