(ខេត្តព្រះវិហារ)៖ មន្ត្រីសាខា ក.ប.ប. ខេត្តព្រះវិហារ ដោយមានកិច្ចសហការចូលរួមជាមួយពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២០ នេះ បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ម្ហូបអាហារវេចខ្ចប់ស្រាប់ នៅតាមផ្ទះលក់ទំនិញនានា ក្នុងឃុំពោធិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ អំបិល មានសារៈធាតុអ៊ីយ៉ូតតាមស្ដង់ដាដែលបានកំណត់។ តែបានរកឃើញការដាក់តាំងលក់ទំនិញ ខូចគុណភាព និងហួសកាលបរិច្ឆទប្រើមួយចំនួន រួមមាន៖ មីខគោ ៤៤កញ្ចប់ ស្មើនឹង ២.៨គីឡូក្រា ភេសជ្ជៈប៉ូវកម្លាំង ៦កំប៉ុង ស្មើនឹង ១.៥ លីត្រ ទឹកស៊ីរ៉ូ ៦ដប ស្មើនឹង ៤.៥០លីត្រ ទឹកដោះគោ កញ្ចប់ ៣០កញ្ចប់ ស្មើនឹង ៣.៧៥លីត្រ
មីកំប៉ុង ៦៥កំប៉ុង ស្មើនឹង ៣.៩០គីឡូក្រាម សរុបទំនិញដកហូតបានចំនួន ៦.៧គីឡូក្រាម និង ៩.៧៥លីត្រ។
បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមកកម្ទេចចោលតាមនីតិវិធីនាពេលក្រោយ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕