ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន២គ្រឿង ចុះប្រតិបត្តិការចំនួន២ទីតាំងផ្សេងគ្នា នៅផ្សារអូឬស្សី និងផ្សារច្បារអំពៅ ដើម្បីពិនិត្យភាពអនុលោមភាពលើទំនិញជាម្ហូបអាហារ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ។
ប្រតិបត្តិការនេះធ្វើឡើងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចង្អុលបង្ហាញដោយផ្ទាល់ពីលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ដោយមានកិច្ចសហការពីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងគណៈកម្មការផ្សារអូរឬស្សី និងផ្សារច្បារអំពៅ ដើម្បីធានាបាននូវទំនិញម្ហូបអាហារ ដែលមិនមានប្រើប្រាស់សារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ដែលបង្កជាគ្រោះដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។
ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បានត្រួតពិនិត្យ និងយកសំណាកគំរូមកវិភាគភ្លាមៗ នៅក្នុងរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ នៅផ្សារអូរឬស្សី ចំនួន ៥០គំរូ និងផ្សារច្បារអំពៅ ចំនួន ៥២គំរូ រួមមាន ពពុះសណ្តែក ត្រីងៀត ត្រីហើម សាច់ក្រក ប្រហុក ផ្អកត្រី គ្រួច មឹក ប្រហិតត្រី បង្គា ប្រហិតសាច់គោ និងបន្លែជាច្រើនមុខទៀត។
ជាលទ្ធផល គឺមន្ត្រីជំនាញ បានរកឃើញពពុះសណ្តែកចំនួន ៨,៥គីឡូក្រាម មានវត្តមានសារធាតុគីមីហាមឃាត់បូរ៉ាក់ រីឯគំរូផ្សេងទៀតមិនបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ទេ។ មន្ត្រីជំនាញបានដកហូត និងធ្វើការស្រាវជ្រាវរកប្រភពទីតាំងផលិត ដើម្បីបន្តនីតិវិធីតាមច្បាប់។
មន្ត្រីនៃអគ្គនាយដ្ឋាន ក.ប.ប. បានណែនាំដល់អាជីវករទិញ លក់ទំនិញជាម្ហូបអាហារទាំងអស់ រាល់ប្រតិបត្តិការទិញ លក់ ត្រូវមានវិក្កយបត្រ និងត្រូវដឹងពីប្រភពផលិត និងនាំចូលឱ្យបានច្បាស់លាស់ ពេលមានបញ្ហាកើតឡើងជាយថាហតុ បង្កលក្ខណៈងាយស្រួលដល់មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. កំណត់អត្តសញ្ញាណប្រភពផលិត និងនាំចូល និងស្វែងរកអ្នកទទួលខុសត្រូវដើម្បីចាត់វិធានការតាមនីតិវិធីជាធរមាន។
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានអំពាវនាវ ដល់ផលិតករ និងអាជីវករលក់ដូរទំនិញជាម្ហូបអាហារទាំងអស់ កុំដើម្បីតែប្រាក់ចំណេញ ប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងផលិតផលម្ហូបអាហារដែលបណ្តាលឱ្យប៉ះពាល់សុខភាពដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ និងអាចទទួលទោសទណ្ឌតាមច្បាប់ជាធរមាន៕