ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោករដ្ឋមន្រ្តី​​​ វេង សាខុន ស្នើ​​ឲ្យ​​ជប៉ុនពិនិត្យ កែច្នៃផលិតផលកសិកម្ពុជា ដើម្បីជួយបង្កើនតម្លៃបន្ថែមប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព

លោក​​ វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទទួលជួបលោកស្រី KAMEI Haruko ប្រធានថ្មីរបស់អង្គការ JICA ប្រចាំនៅព្រះរាជា ណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ដែលធ្វើ​ឡើង​នៅ​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ ដោយស្នើ​ឲ្យជប៉ុន ​កែច្នៃផលិតផលកសិកម្ពុជា ដើម្បីជួយបង្កើនតម្លៃបន្ថែមប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឲ្យអស់លទ្ធភាព។​
លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូន ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ:អង្គការ JICA ដែលបានជួយកសាង និងអភិវឌ្ឍកម្ពុជារហូតមកទល់បច្ចុប្បន្ន ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលជួយដល់ការទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ ហើយជាពិសេសនោះគឺវិស័យកសិកម្មផងដែរ។

លោក​បន្តទៀតថា ការជួយរៀបចំប្រព័ន្ធព័ត៌មាន និងយុទ្ធសាស្រ្តទីផ្សារ ការបង្កើនការងារផ្សព្វផ្សាយបច្ចេកទេសដល់អ្នកផលិត ឬសហគមន៍ បច្ចេកទេសក្រោយពេលប្រមូលផល ការគ្រប់គ្រងគុណភាពលើប្រព័ន្ធខ្សែច្រវាក់តម្លៃបន្ថែម ប្រព័ន្ធទីផ្សារបោះ ឬលក់ដុំ និងជាពិសេសសមត្ថភាពមន្ទីរពិសោធន៍ មន្ទីរពិសោធន៍គុណភាព និងសុវត្ថិភាពបន្លែនៅខេត្តកណ្តាល ការ​ជួយបណ្តុះបណ្តាលបច្ចេកទេសដល់មន្រ្តីកសិកម្មសម្រាប់រយ:ពេលវែង និងខ្លីមានចំនួន ២៩០នាក់ គម្រោងធំៗចំនួន១០ ដែលបានជួយដល់ក្រសួង។

លោក​រដ្ឋមន្ត្រីបានបញ្ជាក់ថា រាល់គម្រោង ឬកម្មវិធីដែលឧបត្ថម្ភដោយ JICA បាននឹងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាព បង្កើនបរិមាណផលិត ធានាបានទាំងបរិមាណ គុណភាព សុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារក្នុង និងក្រៅប្រទេស។

រដ្ឋមន្ត្រីបានស្នើទៅភាគីជប៉ុនមេត្តាជួយពិនិត្យ ពិចារណាលើគម្រោងដែលទាក់ទងការកែច្នៃផលិតផលកសិកម្ម ដើម្បីជួយបង្កើនតម្លៃបន្ថែម ប្រើប្រាស់វត្ថុធាតុ ដើមក្នុងស្រុកឲ្យអស់លទ្ធភាព បង្កើតការងារ បង្កើនចំណូលគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ចំណែក ​អង្គការ JICA លោកស្រី KAMEI Harukoបានថ្លែងថា អំណរគុណចំពោះពេលវេលារបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យក្រុមការងារចូលជួប និងពិភាក្សាការងារដែលត្រូវអនុវត្តបន្ត និងគម្រោងថ្មីៗបន្តបន្ទាប់ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា និងជាពិសេសអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទនៃការរាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។

មួយវិញទៀត ដើម្បីចូលរួមលើកកម្ពស់សន្តិសុខស្បៀង ការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងនិរន្តរភាព ការបង្កើនផលិតភាពផលិតកម្មកសិកម្មតាមរយ:វិស័យឯកជន សហគមន៍កសិកម្ម និងដៃគូអភិវឌ្ឍ។

លោកស្រីក៏បានណែនាំមន្ត្រីជំនាញរបស់អង្គការ JICA ដែលនឹងមកបម្រើការទាក់ទងវិស័យកសិកម្មកម្ពុជាទាក់ទងនឹងសំណើរបស់ លោក​​​រដ្ឋមន្រ្តី លោកស្រីថានឹងយកសំណើនេះទៅពិភាក្សាជាមួយឯកអគ្គរាជទូតជប៉ុន ហើយសង្ឃឹមថា នឹងជម្រាបជូនលោករដ្ឋមន្រ្តីនៅពេលអនាគត។
ជាថ្មីម្តងទៀត លោក​​រដ្ឋមន្ត្រីបានថ្លៃង អំណរគុណយ៉ាងជ្រាលជ្រៅជូនក្រុមការងារ JICA ដែលបានខិតខំបំពេញការងារទទួលបានជោគជ័យ ហើយក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការយ៉ាងពេញលេញធ្វើយ៉ាងណាឲ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
សូមជម្រាបជូនថា ថ្មីៗនេះក្រសួងបានស្នើទៅឯកអគ្គរាជទូត តាមរយ:អង្គការ JICA នូវគម្រោងចំនួន១៩ ទៀត ដើម្បីពិនិត្យលទ្ធភាពជួយអភិវឌ្ឍលើអនុវិស័យផ្សេងៗទៀត ហើយភាគីទាំងពីរថានឹងជួបពិភាក្សាគ្នាលម្អិតនាពេលដ៏ខ្លីខាងមុខ។