សៀមរាប៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពសាងសង់ផ្លូវទាំង៣៨ខែ្សក្នុងក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ។
លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា យើងទាំងអស់គ្នាជិះទូកតែមួយរួមគ្នា គឺទូករាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចនេះយើងត្រូវសហការគ្នាឱ្យបានរឹងមាំ មានឆន្ទះខ្ពស់និងមុតស្រួច ដោយធ្វើអ្វីៗធ្វើម្ដងឱ្យហើយ ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានគុណភាពខ្ពស់។
លោកទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងកោតសរសើរចំពោះអង្គភាពទាំងអស់ដែលបានខិតខំបំពេញការងាររបស់ខ្លួនដោយយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់ ព្រមទាំងបានផ្ដាំផ្ញើឱ្យភាគីពាក់ព័ន្ធទាំងអស់សហការ និងពិភាក្សាគ្នារិះរកបច្ចេកទេសល្អៗសាងសង់សង់ផ្លូវទាំង៣៨ខ្សែនេះឱ្យកាន់តែមានគុណភាពខ្ពស់ ហើយក្នុងករណីការសាងសង់កន្លងមកមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រូវកែសម្រួលឱ្យត្រូវតាមបទដ្ឋានបច្ចេកទេសឡើងវិញ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងស្ដាប់ការធ្វើបទបង្ហាញ បញ្ហា និងសំណូមពររបស់ក្រុមទទួលបន្ទុកនីមួយៗ សំដៅស្វែងរកដំណោះស្រាយ ក៏ដូចជាផ្ដល់អនុសាសន៍នានា ដើម្បីធានាឱ្យការសាងសង់ផ្លូវទាំង៣៨ខែ្សនេះមានគុណភាពខ្ពស់ស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក៕