ភ្នំពេញ៖ ក្រុមការងារបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១នេះ បាននាំយកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់កម្មការិនីជាសមាជិក ប.ស.ស. ដែលសម្រាលបានកូនភ្លោះ៣ ចំនួន០១នាក់ ដែលកំពុងសម្រាកនិង ព្យាបាល នៅមជ្ឈមណ្ឌលជាតិ គាំពាមាតានិងទារក ។
យោងតាមរបាយការណ៍បង្ហាញថា គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ ស្រី្តដែលជាសមាជិក ប.ស.ស. សម្រាលបានកូនភ្លោះ ៣ មានចំនួន ១២ នាក់ ដែលទទួលបានគោលរបបប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាសាធារណៈសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មការិនីដែលទើបសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ ឱ្យទទួលបានគោលរបបប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ ៖
– សម្រាលបានកូនម្នាក់ ទទួលបាន ៤០ម៉ឺនរៀល
– សម្រាលបានកូនភ្លោះពីរ ទទួលបាន ៨០ម៉ឺនរៀល
– សម្រាលបានកូនភ្លោះបី ទទួលបាន ១លាន ២០ម៉ឺនរៀល
ដែលត្រូវបានបើកផ្តល់ជូន តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ។
សម្រាប់កម្មការិនីទាំងអស់ដែលបម្រើការនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានប្រកាសបង់ភាគទានមកកាន់ ប.ស.ស. យ៉ាងតិច៩ខែ ក្នុងរយៈពេល ១២ខែ គិតមកដល់ថ្ងៃសម្រាលកូន នឹងទទួលបានការឈប់សម្រាកពីការងាររយៈពេល៩០ថ្ងៃ រួមជាមួយប្រាក់ឈ្នួលប្រចាំថ្ងៃ ៧០% បន្ថែមទៀត ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។