ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ក្រុមហ៊ុន Newrest Cambodia ដែលបម្រើផ្នែកអាហាររបស់បារាំង នឹងរួមចំណែកបង្កើតការងារក្នុងស្រុក និងការគាំទ្រកំណើនវិស័យទេសចរណ៍

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកក្រុមហ៊ុន Newrest ដែលជាក្រុមហ៊ុនផ្នែកសេវាអាហារដ្ឋានធំមួយរបស់បារាំង។
លោក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឲ្យកម្ពុជាមានសុខសន្តិភាពពេញលេញទូទាំងប្រទេស ដែលជាកត្តាសំខាន់មួយ ទាក់ទាញវិនិយោគិនពីបរទេសឲ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនឡើងៗ មានដូចជាក្រុមហ៊ុន Newrest នៅពេលនេះជាភស្តុតាងស្រាប់។
លោករដ្ឋមន្ត្រីបានបន្ថែមថា វត្តមានក្រុមហ៊ុនដ៏ធំបម្រើផ្នែកអាហាររបស់បារាំងនេះ នឹងរួមចំណែកបង្កើតការងារក្នុងស្រុក ក៏ដូចការ គាំទ្រកំណើនវិស័យទេសចរណ៍នាពេលខាងមុខ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Newrest ជាក្រុមហ៊ុនសេវាកម្មម្ហូបអាហារលំដាប់ពិភព លោកដ៏ធំមួយរបស់ប្រទេសបារាំង ដែលប្រតិបត្តិការចំនួន ៥៨ ប្រទេសលើពិភពលោក មានបុគ្គលិកបម្រើការងារចំនួន ៣៤.៩០០ នាក់ ដែលអាចរកចំណូលរួមបានចំនួន ១.៥២៦,៧០ លានអឺរ៉ូ ក្នុងឆ្នាំ២០១៨-២០១៩។
ក្រុមហ៊ុន Newrest បម្រើសេវាផ្គត់ផ្គង់ម្ហូបអាហារយ៉ាងសំបូរបែប រួមមាន សេវាម្ហូបអាហារលើយន្តហោះ សេវាម្ហូបអាហារតាមកម្មវិធី និងតំបន់ដាច់ស្រយាល សេវាម្ហូបអាហារលើរថភ្លើង និងសេវាម្ហូបអាហារនៅតាមភោជនីយដ្ឋាន៕