ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកស្រី​​ ស៊ឹម សម្បត្តិ ប្តឹងមន្ទីរពហុព្យាបាល ម៉ាយហ៊ែល ក្រោយព្យាបាលកូនប្រុស ឈ្មោះ​​ អ៊ី បញ្ញា ជាអ្នកសារព័ត៌មានហើយ​ បែរជា​​ជំងឺកាន់តែធ្ងន់ធ្ងរ​​ទៅវិញ​​​

លោកស្រី ស៊ឹម សម្បត្តិ អាយុ៥០ឆ្នាំ រស់នៅក្នុងភូមិព្រៃស្នូល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ម្តាយរបស់លោក អ៊ី បញ្ញា អាយុ២២ឆ្នាំ ជាអ្នកសារព័ត៌មានដំណឹង«យប់មិញ »បានប្តឹងម្ចាស់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ស្ថិតនៅ​​ផ្ទះលេខ ០៩-​១០ AE0E1E2 ស្ថិតនៅផ្លូវទួលពង្រ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ក្រោយធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែង កូនគាត់រួច​​ មិនទទួលខុសត្រូវក្នុងការព្យាបាល រួចធ្វើឲ្យ​​អ្នកជំងឺកាន់តែធ្ងន់ធ្ងរទៅៗ ។

ម្តាយរបស់លោក អ៊ី បញ្ញា បានរៀបរាប់​ក្នុងពាក្យបណ្តឹងថា​​ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពហុព្យាបាល ម៉ាយហ៊ែល បាននាំគ្នាសម្រេចធ្វើការវះកាត់ជំងឺពោះវៀនដុះខ្នែងឲ្យឈ្មោះ អ៊ី បញ្ញា។ ក្រោយលទ្ធផលវះកាត់បាន ៣ថ្ងៃ ស្ថានភាពជំងឺរបស់ឈ្មោះ អ៊ី បញ្ញា មានលក្ខណៈធ្ងន់ធ្ងរខ្លាំង ដូចជា ហើមពោះ ពិបាកដកដង្ហើម ហើយពេលក្រុមគ្រួសារ អ្នកថែទាំងជំងឺព្យាយាមទាក់ទង ហៅពេទ្យដែលវះកាត់នោះមកពិគ្រោះ ឬ តាមដានជំងឺម្តងៗ គ្មានគ្រូពេទ្យទទួលខុសត្រូវច្បាស់លាស់ឡើយ។

ដោយសារបញ្ហានេះ និងដោយសារអ្នកជំងឺមានអាការៈកាន់តែធ្ងន់ធ្ងរទៅៗ ពីមួយថ្ងៃ ទៅមួយថ្ងៃ ធ្វើឲ្យក្រុមគ្រួសារនាងខ្ញុំ និងកូនក្មួយអស់ជំនឿ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ទើបនាងខ្ញុំ និងកូនសម្រេចចិត្តសុំចេញពី មន្ទីរពហុព្យាបាល ម៉ាយហ៊ែល នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដោយមកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតវិញម្តង។

រហូតមកដល់ពេលនេះ ស្ថានភាពអ្នកជំងឺមានអាការៈមិនធូរស្រាលឡើយ ហើយក្រុមគ្រូពេទ្យជំនាញៗនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត បង្ហើបប្រាប់ថា អ្នកជំងឺមានលក្ខណៈធ្ងន់ធ្ងរណាស់ បណ្តាលមកពីការព្យាបាលរបស់ក្រុមគ្រូពេទ្យវះកាត់នៅខាងក្រៅ មន្ទីរពេទ្យរដ្ឋ ព្យាបាលខុសបច្ចេកទេស និងវិជ្ជាជីវៈ ។

លោកស្រីបន្តទៀតថា ​ឈ្មោះ អ៊ី បញ្ញា មុនពេលវះកាត់ គឺមានអាការៈនឹងនរធម្មតា គ្រាន់តែចុកពោះតិចតួចអាចបើកបរឡានខ្លួនឯង តាំងពីស្រុក រហូតមកដល់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ដើម្បីពិគ្រោះជាមួយគ្រូពេទ្យអំពីមូលហេតុ នៃការចុកពោះ ។

ពេលនោះក្រុមគ្រូពេទ្យបាននិយាយថា ឈ្មោះ អ៊ី បញ្ញា មានបញ្ហាពោះវៀនដុះខ្នែង ត្រូវវះកាត់ជាបន្ទាន់ ហើយគ្រូពេទ្យសន្យាថា វះកាត់រយៈពេលតែ ២ថ្ងៃ គឺអ្នកជំងឺជាហើយ បើមិនវះកាត់ទេ អាចមានបញ្ហាដល់អាយុជីវិត។ ហើយតម្លៃឈ្នូល នៃការវះកាត់វិញចំនួន ៦០០ដុល្លារ ប៉ុន្តែពេលនាងខ្ញុំសុំយកកូកចេញពីពេទ្យ គឺគ្រូពេទ្យគិតលុយសរុបចំនួន ១០០០​ដុល្លារ។

តាមរយៈពាក្យបណ្តឹងខាងលើ ដេលីខ្មែរ មិនទាន់សុំការបញ្ជាក់ពីភាគីមន្ទីពេទ្យ​បាននៅឡើយទេ ប៉ុន្តែចំពោះ លោកស្រី ស៊ឹម សម្បត្តិ ដែកត្រូវជាម្តាយអ្នកជំងឺ ​ស្នើសុំអោយលោកអធិការនគរបាលខណ្ឌដង្កោ ជួយរកយុត្តិធម៌ ហើយចាត់ការម្ចាស់ មន្ទីរពហុព្យាបាល ម៉ាយហ៊ែល តាមច្បាប់៕