ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បង្គាក្លាសេ្សមានចាក់បញ្ចូលចាហ៊ួយបន្ថែមជាង៦តោន ត្រូវបានមន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប. បង្ក្រាបនៅតាមបណ្តោយផ្លូវជាតិលេខ៣ និងទីតាំងលក់គ្រឿងសមុទ្រត្រឡោកបែក

បង្គាក្លាសេ្សមានចាក់បញ្ចូលចាហ៊ួយបន្ថែមជាង៦តោនត្រូវបានមន្ត្រីជំនាញអគ្គនាយកដ្ឋានក.ប.ប.នៃក្រសួងពាណិជ្ជកម្មបង្ក្រាបនៅតាមបណ្តោយផ្លូវជាតិលេខ៣និងទីតាំងលក់គ្រឿងសមុទ្រត្រឡោកបែកនៅយប់រំលងអាធ្រាតវេលាម៉ោង ១:៣០នាទីឈានចូលថ្ងៃសៅរ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២១។

កាារបង្រាបនេះ ដោយមានការយកចិត្តទុកដាក់ពី លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់និងដោយមានការបញ្ជាផ្ទាល់ពី លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.»។

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានក.ប.ប.បានបើកប្រតិបត្តិការបង្ក្រាបករណីការនាំចូលបង្គាក្លាសេ្សមានចាក់បញ្ជូលចាហ៊ួយបន្ថែមដើម្បីបង្កើនទម្ងន់ដែលធ្វើឱ្យខាតបង់ផលប្រយោជន៍អ្នកប្រើប្រាស់ និងអាចប៉ះពាល់ដល់សុខភាព។

សូមបញ្ជាក់ផងដែរថា ប្រតិបត្តិការនេះអគ្គនាយកដ្ឋាន ក.ប.ប. បានស្នើសុំកិច្ចសហការពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានស្ទាក់ចាប់រថយន្តដឹកគ្រឿងសមុទ្រចំនួន ២គ្រឿង។

រថយន្ត១គ្រឿង ស្ទាក់ចាប់បាននៅតាមបណ្តោយផ្លូវជាតិលេខ៣ ម្តុំទំនប់៧មករា និងរថយន្តចំនួន ១គ្រឿងទៀត ត្រូវបានស្ទាក់ចាប់នៅម្តុំទីតាំងលក់គ្រឿងសមុទ្រត្រឡោកបែកភ្លាមៗនោះមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប.បានធ្វើតេស្តបឋមលើបង្គាក្លាសេ្សដែលមានផ្ទុកក្នុងរថយន្តទាំង ២គ្រឿងខាងលើនឹងបានរកឃើញមានការចាក់បញ្ជូលបន្ថែមចាហ៊ួយពិតប្រាកដមែន។

តាមការអះអាងបឋមពីអ្នកបើកបររថយន្តដឹកទំនិញទាំង២គ្រឿងនេះបានឱ្យដឹងថាបង្គាក្លាសេ្សសរុប៣០៧កេសបរិមាណប្រហែ ល៦តោនជាងមានប្រភពនាំតាមច្រកទ្វារអន្តរជាតិព្រែកចាកនិងពុំមានឯកសារភ្ជាប់មកជាមួយទេ។

សូមបញ្ជាក់ផងដែរដោយមានការឯកភាពពីលោកព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញរថយន្តនិងវត្ថុតាងត្រូវបានបញ្ជូនមកអគ្គនាយកដ្ឋានក.ប.ប.ដេីម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។

តាមការបញ្ជាក់របស់អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តស្រាវជ្រាវ ស៊ើបអង្កេតនិងអនុវត្តតួនាទីភារកិច្ចដែលច្បាប់បានផ្តល់អាណត្តិ ឱ្យ ពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាព ទំនិញនិងសេវា និងកិច្ចការពារអ្នកប្រើប្រាស់ដើម្បីការពារសុខភាពនិងផលប្រយោជន៍អ្នកប្រើប្រាស់ និងសូមអំពាវនាដល់ប្រជាពលរដ្ឋ ចូលរួមសហការផ្តល់ព័ត៌មានក្នុងករណីមានការសង្ស័យពាក់ព័ន្ធនឹងការក្លែងបន្លំគុណភាព សុវត្ថិភាព ទំនិញ និងសេវា។