(ភ្នំពេញ)៖ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេសសម្រាប់កម្មករនិយោជិត ដែលរងផលប៉ះពាល់ពីការបិទ ឬព្យួរ សហគ្រាសគ្រឹះស្ថាន ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នាសាលប្រជុំវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស។
លោកបណ្ឌិតមានប្រសាសន៍បញ្ជាក់ថា ថ្ងៃនេះជាលទ្ធផលថ្មីមួយទៀតដែល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចបាននោះគឺការផ្តល់វគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) វគ្គពិសេស សម្រាប់កម្មករនិយោជិត ដោយមិនគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២០ម៉ឺនរៀល ក្នុង១ខែ/ម្នាក់ សម្រាប់ រយៈពេល ៤ខែ ដល់កម្មករនិយោជិត ដែលបានព្យួរការងារ និងបាត់បង់ ការងារ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ លើមុខ ជំនាញបច្ចេកទេស និងវិជ្ជាជីវៈសំខាន់ៗ រួមមាន។
វិស័យសំណង់ អគ្គិសនី មេកានិក កម្មន្តសាល ធុរកិច្ចនិងព័ត៌មានវិទ្យា និងទេសចរណ៍ ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់ ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
សព្វថ្ងៃនេះមានគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន១២ ដែលកំពុងផ្តល់ការបណ្តុះបណ្តាលកម្មវិធីខាងលើ ហើយបានជ្រើសរើសសិស្ស ឱ្យចូលរៀនបានចំនួន ៣.៣៦០នាក់ (ស្រី ១.៩០៣នាក់) ធៀបជាមួយនឹង ផែនការបណ្តុះបណ្តាលសរុបចំនួន ៦.៥០០នាក់។
លោកបណ្ឌិត ពេជ សោភ័ន លើកឡើងបន្តថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការឱ្យ រាជរដ្ឋាភិបាល លើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្មក្នុងការលើកកម្ពស់ជីវភាពរស់នៅ សេចក្តីថ្លៃថ្នូរ និងការគាំពារសង្គមរបស់កម្មករនិយោជិត និងទេសន្តរប្រវេសន៍ខ្មែរ ការពង្រឹងភាពសុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈ ។
ជាក់ស្តែងក្នុងឆ្នាំ២០២០ កន្លងមកនេះ ក្រសួងបានផ្តល់ការបណ្តុះបណ្តាលបច្ចកទេស និងវិជ្ជាជីវៈ ជូនប្រជាជន កម្ពុជាជាង ៧ម៉ឺននាក់ ដោយការបណ្តុះបណ្តាលបានអនុវត្តតាមគោលការណ៍ណែនាំសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងការបណ្តុះ បណ្តាលតាម Online ឬពីចម្ងាយ ដើម្បីបន្តនិរន្តរភាពការបណ្តុះបណ្តាល ជំនាញសម្រាប់ការងារ ឬបង្កើតមុខរបរដោយខ្លួនឯង។
កិច្ចការ និងវិធានការទាំងអស់ដែលក្រសួងបានអនុវត្ត គឺដើម្បីចូលរួមចំណែកក្នុងការកសាង ធនធានមនុស្សនៅកម្ពុជាដែលមានជំនាញ និងមានសមត្ថភាពដោយ ឈរលើគោលការណ៍ តម្លាភាព គណនេយ្យភាព នីតិរដ្ឋ និងបេ្តជ្ញាបង្កើត ឱ្យបាននូវកម្លាំងពលកម្មប្រកបដោយសមត្ថភាព ផលិតភាព ឥរិយាបថ ការងារ និងមនសិការ និងសីលធម៌វិជ្ជាជីវៈខ្ពស់ ធន់នឹងបម្រែបម្រួលនៃ រចនាសម្ព័ន្ធ សេដ្ឋកិច្ច និងសង្គម។
លោករដ្ឋលេខាធិការប្រចាំការ អះអាងថា ក្នុងបរិការណ៍ និងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត នៃជំងឺកូវីដ-១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួម យ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាបាននូវការសម្រួល ដល់ដំណើរការអាជីវកម្ម ផលិតកម្ម ពាណិជ្ជកម្ម និងវិនិយោគ និងធានា បាននូវការងារជូនដល់កម្មករនិយោជិត ដោយបានកាត់បន្ថយចំនួនអ្នក គ្មានការងារធ្វើក្នុងអត្រាទាបបំផុត។
ក្រៅពីនេះ អាចរក្សាបានលំនឹងជីវភាពរស់នៅ របស់បងប្អូនកម្មករនិយោជិតដោយខិតខំអនុវត្តបានជោគជ័យ នូវកញ្ចប់ វិធានការទាំង ៧ជុំ របស់រាជរដ្ឋាភិបាល ជាពិសេសការជំរុញក្នុងការអនុវត្ត គោលនយោបាយជាតិគាំពារសង្គម និងវិធានការជំនួយសង្គមដល់កម្មករ និយោជិតក្នុងគោលបំណង (១) ជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់កម្មករនិយោជិត (២) ជួយទំនុកបម្រុងគ្រួសារក្រីក្រ និងជនងាយរងគ្រោះ និង(៣) ជួយទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ។
ធ្វើដូច្នោះដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍ក្រោយពីវិបត្តិ ដោយក្នុងនោះ៖ បានបើកផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារអាមេរិក ក្នុង១ខែ/ម្នាក់ ដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ចំនួន ៣៤០. ០៣២ នាក់ ដែលស្មើនឹងថវិកា ៩៥ពាន់លានរៀល (ប្រមាណជា ២៣លានដុល្លារអាមេរិក) ក្នុងអំឡុងពេលដែលរោងចក្រ សហគ្រាសផ្អាកសកម្មភាពអាជីវកម្ម និងព្យួរកិច្ចសន្យាការងារ
– បានរៀបចំការបណ្តុះបណ្តាលជំនាញទន់ ដល់កម្មករនិយោជិតសរុប ចំនួន ៦៦.៦០៧នាក់ (ស្រី ៥៣.៦១០នាក់) មកពីរោងចក្រ សហគ្រាស ចំនួន ១០៧
– បានផ្តល់សេវាធានារ៉ាប់រងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ (គ្រោះថ្នាក់ការងារ) និងផ្នែកថែទាំសុខភាព ដល់កម្មករនិយោជិតចំនួន ប្រមាណជា ៣៨ម៉ឺននាក់ បើទោះបីជានិយោជកមិនបានបង់ភាគទានជូន ប.ស.ស. ក្នុងអំឡុងពេលព្យួរអាជីវកម្ម ឬផ្អាកដំណើរការអាជីវកម្មក៏ដោយ
– ប្រជាពលរដ្ឋចំនួនប្រមាណជា ២.៧លាននាក់ នៃគ្រួសារក្រីក្រ និងងាយរងគ្រោះ ចំនួន ៦៧៤.១៤៦គ្រួសារ បានទទួលប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាល ដែលចំណាយថវិកាសរុបចំនួនប្រមាណជា ១៣៥.៥ លានដុល្លារអាមេរិក៕