ស្ទឹងត្រែង៖ ក្នុងខែកុម្ភៈ២០១៩ ក្រុមអនុវត្តច្បាប់ប្រចាំដែនជម្រកសត្វព្រៃសៀមប៉ាង និងសៀមប៉ាងខាងលិច បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីទប់ស្កាត់រាល់បទល្មើសដែលកើតឡើងក្នុងដែនជម្រកសត្វ។
លទ្ធផលដែលក្រុមអនុវត្តច្បាប់ សម្រេចបានរួមមាន រឹបអូសរណាយន្តចំនួន ៣គ្រឿង កាំភ្លើងកែច្នែចំនួន ២ដើម មងចាប់សត្វចំនួន៥ដៃ ឧបករណ៍ឆក់ត្រី ១គ្រឿង និងអន្ទាក់ចំនួន៦០៨ខ្សែ។ នេះបើតាមការឱ្យដឹងពីអង្គការអភិរក្សសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា-BirdLife Cambodia នៅថ្ងៃទី២៧ ខែកុម្ភៈនេះ។
អង្គការអភិរក្សសត្វ បានគូសបញ្ជាក់ថា ដើម្បីធ្វើការអភិរក្សសត្វព្រៃ និងការការពារធម្មជាតិអោយមាននិរន្តរភាព យើងត្រូវការការគាំទ្រយ៉ាងពេញទំហឹងពីអ្នក ពាក់ព័ន្ធក្នុងតំបន់ដើម្បីចូលរួមការពារ។ បើគ្មានការចូលរួមរបស់ពួកគេធនធានទាំងនេះនឹងត្រូវបាត់បង់យ៉ាងឆាប់រហ័ស៕