ភ្នំពេញ ៖ ក្រោយពីអ្នកចិញ្ចឹមត្រី ត្អូញត្អែរ លក់ត្រីមិនចេញ ដោយសារក្រសួងអនុញ្ញាត ឲ្យនាំចូលត្រីពីវៀតណាមវិញ នោះ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយតបវិញថា ក្រសួងបានដឹងសុខទុក្ខ ចំពោះអ្នកចិញ្ចឹមត្រីទាំងអស់ ហើយកំពុងរកវិធីសាស្ដ្រដោះស្រាយ ផងដែរ។
លោក វេង សាខុន បានថ្លែងនាថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ថា «យើងកំពុងធ្វើការ ដោះស្រាយ ទន្ទឹមនឹងអ្វីដែលយើងពិនិត្យឃើញបញ្ហាប្រឈមកន្លងទៅនេះ ក៏យើងត្រូវពិនិត្យមើលបទដ្ឋានកិត្តិយុទ្ធអ្វីខ្លះ ? ដែលយើងត្រូវបំពេញបន្ថែម អ្វីដែលជាការឈឺចាប់ គឺក្រសួងបានដឹងហើយវារីវប្បករទាំងអស់ (អ្នកចិញ្ចឹមត្រី) ។មិន មែនថា ក្រសួងមិនអើពើទេ ក្រសួងអើពើហើយ ដឹងសុខទុកចំពោះវារីវប្បករទាំងអស់»។
លោក វេន សាខុន បានលើកឡើងបែបនេះ ក្រោយពី លោក សំ ផន អ្នកចិញ្ចឹមត្រី នៅស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ បានប្រាប់មណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី ១ ខែមីនា ឆ្នាំ២០២១ ថា ក្រោយពីក្រសួងអនុញ្ញាត ឲ្យនាំត្រីពីវៀតណាម ចូលមកម្ពុជានោះ បច្ចុប្បន្នត្រីនៅកម្ពុជា ពិបាកលក់ទៅតាមទីផ្សារ ។ ពិបាកលក់ដោយសារត្រី នាំចូលមានតម្លៃថោក ជាងត្រីចិញ្ចឹមក្នុងស្រុក ។