ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមណ្ឌលចត្តាឡីស័កចំនួន៣កន្លែងនៅក្នុងខេត្ត

បាត់ដំបង៖ នៅព្រឹកថ្ងៃពុធទី១០ ខែមីនា ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមមន្រ្ដីជំនាញនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័កកម្រិតទី១ចំនួន៣កន្លែង នៅស្រុកមោងឫស្សី ស្រុកគាស់ក្រឡ និងស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីត្រៀមទទួលពលករមកពីប្រទេសថៃវិញ ដែលត្រូវយកពួកគាត់មកដាក់នៅតាមស្រុកកំណើតរៀងៗខ្លួនគាត់វិញ ។

ដោយស្របទៅតាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលបានសម្រេចឲ្យពលករមកពីប្រទេសថៃ អាចធ្វើចត្តាឡីស័កនៅតាមបណ្ដារាជធានី ខេត្ត ក្រុង ស្រុកកំណើតរបស់ខ្លួន។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានណែនាំ និងលើកទឹកចិត្តដល់មន្ត្រីប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កទាំងអស់ឲ្យបន្តការខិតខំប្រឹងប្រែងបន្តទៀតក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩នេះ ព្យាយាមណែនាំពលករដែលមកធ្វើចត្តាឡីស័ក ឲ្យរក្សាអនាម័យខ្លួនប្រាណ រក្សាគំលាត ជាពិសេសបើសិនជាមានបងប្អូនដែលជាសាច់ញាតិមកសួរសុខទុក្ខ ត្រូវរៀបចំឲ្យពួកគាត់សួរសុខទុក្ខ នៅឲ្យឆ្ងាយពីអ្នកធ្វើចត្តាឡីស័ក បើសិនជាមិនមានការរៀបចំដាក់ឲ្យឆ្ងាយទេ គាត់នឹងទៅជិតអ្នកចត្តាឡីស័កជាមិនខាន។

លោកអភិបាលខេត្ត បានណែនាំឲ្យមន្រ្ដីប្រចាំការ រៀបចំកន្លែងចត្តាឡីស័ក មានជាកន្លែងអង្គុយលេង យកខ្យល់អាកាស រៀបចំបន្ទប់ឲ្យមានខ្យល់ចេញចូលបានគ្រប់គ្រាន់ ដើម្បីឲ្យគាត់មានអារម្មណ៍ មិនមានភាពធុញថប់ ក្នុងកំឡុងពេលនៃការធ្វើចត្តាឡីស័កនេះផងដែរ។
សូមបញ្ជាក់ថា លោក អភិបាលខេត្ត នឹងបន្តដឹកនាំក្រុមមន្រ្ដីជំនាញត្រួតពិនិត្យមណ្ឌលចត្តាឡីស័កជាច្រើនទៀតនៅតាមបណ្ដាស្រុកគោលដៅដែលបានរៀបចំទទួលពលករមកពីប្រទេសថៃ ចូលមកធ្វើចត្តាឡីស័ក៕