ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្តស្វាយរៀង នាំយកថវិកាសាខាកាកបាទក្រហមកម្ពុជាខេត្តជូនដល់កម្មករ កម្មការនី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រឡាប់

ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់កម្លាំង ចុះអន្តរាគមន៍ដឹកអ្នករបួសមកសង្គ្រោះភ្លាមៗទៅកាន់មន្ទីរពេទ្យ និងបានចុះសួសុខទុក្ខ និងនាំយកថវិកាមួយចំនួនជូនដល់កម្មករ កម្មការនី ដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងចំនួន ៦នាក់ មន្ទីរពេទ្យបង្អែក ស្វាយទាប ចំនួន ៥នាក់ មន្ទីរពេទ្យបង្អែកជីភូចំនួន ៣៦នាក់ និងនៅមន្ទីរសម្រាកព្យាបាលបូព៌ាក្រុងបាវិត ចំនួន ១១នាក់។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ វេលាម៉ោងប្រហែល ៦:២០ នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករ ក្រឡាប់ធ្លាក់ផ្លូវដោយ សារការបើកជែងដោយខ្វះការប្រុងប្រយ័ត្ន កើតឡើងនៅលើផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បណ្តាលឲ្យកម្មកររបួសធ្ងន់ ស្រាល សរុបចំនួន ៥៨នាក់ ក្នុងនោះ របួសធ្ងន់ ៧ នាក់ មធ្យម ៣នាក់ និងស្រាល ៤៨នាក់។

លោកអភិបាលខេត្ត បាននាំមកនូវបណ្តាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដែងនូវការសោកស្តាយ ចំពោះហេតុការណ៍ដែលបានកើតឡើងលើបងប្អូនកម្មករ កម្មការិនី និងសូមជូនពរដល់អ្នករងរបួស ទាំងអស់ ឆាប់ជាសះស្បើយ និងបានវិលត្រឡប់ទៅបម្រើការងារនៅតាមបណ្ដារោងចក្រឡើងវិញ។

លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ សូមយកចិត្តទុកដាក់ក្នុងការព្យាបាលគ្រប់អ្នកជំងឺទាំងអស់ ឲ្យបានល្អ។ ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាកាកបាទក្រហមកម្ពុជា តែងតែដោះស្រាយ ឆ្លើយតបគ្រោះមហន្តរាយជាបន្តបន្ទាប់ ទាន់ពេលវេលា នៅពេលដែលអ្នករងគ្រោះត្រូវការបន្ទាន់នូវជំនួយសង្គ្រោះ។

ក្នុងឱកាសសួរសុខទុក្ខនោះ លោក ម៉ែន វិបុល ក្នុងនាមជាអភិបាលខេត្តបានឧបត្ថម្ភថវិកាដល់អ្នករបួសធ្ងន់ចំនួន ៧នាក់ ក្នុងម្នាក់ថវិកា ៤០០.០០០រៀល អ្នករបួសមធ្យម ៣នាក់ ក្នុងម្នាក់ថវិកា ១៥០.០០០រៀល និងអ្នករបួសស្រាល ៤៨នាក់ ក្នុងម្នាក់ថវិកា ១០០.០០០រៀល៕