ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានជួបប្រជុំពិភាក្សាការងារប្រចាំឆមាស ជាមួយមេដឹកនាំគណបក្សចំនួន ១៦ ដែលជាសមាជិក នៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅព្រឹកថ្ងៃទី២៨ កុម្ភៈនេះ។
កិច្ចប្រជុំជាលើកទី២នេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ជាដំណើការនៃលទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជាយើង ការចូលរួមផ្តល់នូវមតិយោបល់ល្អៗ ពីគណបក្សនយោបាយទាំងអស់ ដល់រាជរដ្ឋាភិបាល គឺជួយជំរុញដល់ការកសាងប្រទេស ឲ្យកាន់តែរីកចម្រើនទៅមុខ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “នេះគឺជាដំណើការនៃលទ្ធិប្រជាធិបតេយ្យ នៅប្រទេសយើង។ ការចូលរួមផ្តល់នូវមតិយោបល់ល្អៗ ពីគណបក្សនយោបាយទាំងអស់ ដល់រាជរដ្ឋាភិបាល គឺជួយជំរុញដល់ការកសាងប្រទេស អោយកាន់តែរីកចម្រើនទៅមុខ”។
សម្តេចតេជោ ក៏បានប្រកាសអរគុណបងប្អូន ដែលបានរួមចំណែកចូលរួមជួយប្រទេសជាតិ និងអរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមថែរក្សាការពាសន្តិភាព ដើម្បីកម្ពុជាកាន់តែមានឱកាសអភិវឌ្ឍន៍លឿនទៅមុខ។
លេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានប្រកាសថា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាអធិបតី ដឹកនាំកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ សម្តេចតេជោ ក៏នឹងផ្តល់កិត្តិយសរួមទទួលទានភោជនាហារសាមគ្គីថ្ងៃត្រង់ ជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ថែមទៀតផង។
ជំនួបនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ជាជំនួបលើកទី២ រវាងសម្តេចតេជោ ហ៊ុន សែន និងប្រធាន-អនុប្រធានគណបក្សនយោបាយ ទាំង ១៦ ក្នុងនាមជាឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។
កាលពីព្រឹកថ្ងៃអង្គារ៍ ទី២១ ខែសីហា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារលើកដំបូង ជាមួយតំណាងគណបក្សនយោបាយ ដែលបានចូលរួមបោះឆ្នោត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ក្នុងកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ មានគណបក្សចំនួន ១៦ គណបក្ស បានចូលរួមកិច្ចប្រជុំ ដែលបានធ្វើឡើង នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។
ក្រោយមក នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ព្រះករុណា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាស់តែងតាំងសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមាន ១៦ គណបក្ស ចូលរួម ដោយប្រធាន-អនុប្រធានគណបក្សនីមួយៗ ត្រូវបានតែងតាំង ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយមានឋានៈស្មើទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី។
តំណាងគណបក្សនីមួយៗ បានធ្វើជាប្រធានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្តូរវេនគ្នា មួយខែម្តង។ ឧត្តមក្រុមប្រឹក្សានេះ ទទួលបានប្រាក់ខែ និងការឧបត្ថម្ភផ្សេងៗពីរាជរដ្ឋាភិបាល និងមានតួនាទី លើកបញ្ហា និងផ្តល់ជាមតិយោបល់ផ្សេងៗ ជូនរាជរដ្ឋាភិបាល៕