(ភ្នំពេញ)៖ បន្ទាប់ពីចំណាយពេល២ថ្ងៃពេញ ដើម្បីសាកសួរដេញដោល លើជនជាប់ចោទ៤នាក់ និងសាក្សីសំខាន់ៗ ក្នុងសំណុំរឿងឃាតកម្មលើសង្សារ លោក ឡាយ វណ្ណៈ តុលាការលើកពេលបន្ត សវនាការនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។
សវនាការសួរដេញដោលរយៈពេល២ថ្ងៃពេញ គឺថ្ងៃទី២៦ និងទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩មាន លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ និងលោក ប្លង់ សុផល ជាតំណាងអយ្យការ ។
ក្នុងសវនាការនេះមានជនជាប់ចោទ ចំនួន៤នាក់ ពាក់ព័ន្ធអំពើឃាតកម្មលើស្រី្តគ្រោះឈ្មោះ ចែវ សុវឌ្ឍនា បានបើកសវនាការជំនុំជម្រះធ្វើម្តងរួចហើយ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩កន្លងទៅ ដោយតុលាការ បានសាកសួរដេញដោលតែលោក ឡាយ វណ្ណៈ តែម្នាក់ប៉ុណ្ណោះ។
លោក ឡាយ វណ្ណៈ ធ្លាប់បានទទួលស្គាល់ថា ជនរងគ្រោះ និងលោក ពិតជាស្រលាញ់គ្នាមែន ប៉ុន្តែលោក មិនបានសម្លាប់នាងនោះទេ គឺនាងចងកធ្វើអត្តឃាត។
នៅក្នុងសវនាការចំនួន២ថ្ងៃនេះ ជនជាប់ចោទ ឡាយ ណារិទ្ធ បានឆ្លើយថា ខ្លួនមិនបានសម្លាប់ជនរងគ្រោះទេ ការកសាងសំណុំរឿងចោទប្រកាន់បងប្អូនលោក ទាំង២នាក់ គឺជារឿងប្រឌិតទាំងស្រុង ព្រោះនៅថ្ងៃកើតហេតុ លោកនៅជាមួយឈ្មោះ ជាតិ ជាសមត្ថកិច្ចម្នាក់ នៅខេត្តតាកែវ។
ដោយឡែក ជនជាប់ចោទឈ្មោះ ម៉េន សាម៉ៃ បានប្រាប់អង្គសវនាការថា លោកវរសេនីយ៍ឯក ជាវ វិបុល ប្រធានការិយាល័យព្រហ្មទណ្ឌ បានវាយដុំ និងគំរាមកំហែងខ្លួន ឲ្យឆ្លើយទម្លាក់កំហុសលើឈ្មោះ ឡាយ វណ្ណៈ និងឈ្មោះ ឡាយ ណារិទ្ធ ជាអ្នករួមគ្នាសម្លាប់ជនរងគ្រោះ។ ប្រសិនបើពួកគេមិនព្រមឆ្លើយតាមអ្វីដែលលោក ជាវ វិបុល បញ្ជាទេ គេនឹងឆក់។ ដូច្នេះ ដោយមានការភ័យខ្លាច ទើបពួកគេព្រមធ្វើតាម ការបញ្ជារបស់លោក ជាវ វិបុល ទាំងអស់ រហូតដល់ដំណាក់កាលអយ្យការ និងចៅក្រមស៊ើបសួរ។
ឈ្មោះ ម៉េន សាម៉ៃ បាននិយាយថា លោក ជាវ វិបុល ប្រាប់ឲ្យឆ្លើយទម្លាក់កំហុសលើឈ្មោះ ឡាយ ណារិទ្ធ និងឈ្មោះ ឡាយ វណ្ណៈ ទៅចាំគេជួយឲ្យឆាប់បានចេញពីគុកវិញ និងជួយសងបំណុលដែលជំពាក់គេ។
ចំណែកលោកស្រី ចាន់ រី ប្រពន្ធជនជាប់ចោទ ឈ្មោះ ជឹម វុធ បានឆ្លើយក្នុងនាមជាសាក្សីថា លោក ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានចាប់កូនលោកស្រីម្នាក់ជាសង្ឃ ព្រះជន្ម១២វស្សា យកពីខេត្តព្រៃវែង មកក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងបានប្រគេនបច្ច័យលោកចំនួន១សែនរៀលទៀតផង។
ឈ្មោះ ចាន់ រី បន្តថា លោក ជាវ វិបុល និងលោក ប៉ុល រតនា បានសន្យាទិញម៉ូតូ, ឲ្យលុយសងបំណុលគេ និងធ្វើផ្ទះតូចមួយឲ្យនាង ប្រសិនបើនាងឆ្លើយថា ឈ្មោះ ឡាយ ណារិទ្ធ និងឈ្មោះ ឡាយ វណ្ណៈ អ្នកសម្លាប់ជនរងគ្រោះ។
ឈ្មោះ ជឹម វុធ បានឆ្លើយថា សមត្ថកិច្ចចាប់ខ្លួនគេ នៅបុរីប៉េងហួតបឹងស្នោរ និងបានបង្ហាញវីដេអូ ថាប្រពន្ធ និងឈ្មោះ ម៉េន សាម៉ៃ ព្រមសារភាពហើយ ដូច្នេះកុំកុហក់ ត្រូវនិយាយរឿង ឈ្មោះ ឡាយ វណ្ណៈ និងឈ្មោះ ឡាយ ណារិទ្ធ ជាអ្នកសម្លាប់ជនរងគ្រោះ។
ជាការឆ្លើយតបលោក ជាវ វិបុល និងលោក ប៉ុល រតនា បានច្រានចោទការលើកឡើងពាក់ព័ន្ធការចោទថា បានធ្វើទារុណកម្មយកចម្លើយពីជនជាប់ចោទ។
ចំពោះការយកឈ្មោះ ជឹម វុធ និងឈ្មោះ ចាន់ រី ទៅឲ្យស្នាក់នៅផ្ទះសំណាក់ ពៅ សុខុម គឺជាការការពារ សុវត្ថិភាពដល់សាក្សី ដែលមានការអនុញ្ញាតពីព្រះរាជអាជ្ញា។
សូមបញ្ជាក់ថា ជនជាប់ចោទក្នុងសំណុំរឿងក្តីនេះមានឈ្មោះ
-ទី១ឈ្មោះ ឡាយ វណ្ណ: ភេទប្រុស អាយុ ៤៥ឆ្នាំ និងទី២ឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ (ជាបងប្រុស របស់លោក ឡាយ វណ្ណៈ) ពីបទ ឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
-ទី៣ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតៃកុងឡានរបស់ លោក ឡាយ វណ្ណ: និងទី៤ឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកបម្រើនៅផ្ទះរបស់លោកស្រី ចែវ សុវឌ្ឍនា ពីបទ លាក់បំបាំងតម្រុង ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។
គួររំលឹកថា ជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា ត្រូវបានគេប្រទះឃើញចងកក្នុងបន្ទប់ដេក នៃផ្ទះជួលដ៏ធំរបស់ខ្លួន ក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។
ភ្លាមៗ ករណីនេះត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា ជារឿង អត្តឃាត ព្រោះតែវិបត្តិស្នេហា។
ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ករណីខាងលើមិនមែនជារឿងអត្តឃាតឡើយ ពោលគឺរឿងឃាតកម្មដោយមានអ្នកបញ្ជា និងរៀបចំទុក និងបានឈានដល់ការឃាត់ខ្លួនក្រុមជនដៃដល់ទាំង៤នាក់ ខាងលើបញ្ជូនទៅតុលាការតែម្តង៕