ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេច​តេ​ជោ ហ៊ុន សែន​៖ ផ្តល់​មតិយោបល់​ល្អៗ ពី​គណបក្សនយោបាយ​ទាំងអស់ ដល់​រាជរដ្ឋាភិបាល គឺ​ជួយ​ជំរុញ​ដល់​ការកសាង​ប្រទេស ឲ្យកាន់តែ​រីកចម្រើន​ទៅមុខ​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួបប្រជុំ​ពិភាក្សា​ការងារ​ប្រចាំឆមាស ជាមួយ​មេដឹកនាំ​គណបក្ស​ចំនួន ១៦ ដែលជា​សមាជិក នៅក្នុង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់នៅ​ព្រឹក​ថ្ងៃទី​២៨ កុម្ភៈ​នេះ​។

កិច្ចប្រជុំ​ជា​លើក​ទី​២​នេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុកថា ជា​ដំណើការ​នៃ​លទ្ធិប្រជាធិបតេយ្យ នៅ​ប្រទេស​កម្ពុជា​យើង ​ការចូលរួម​ផ្តល់នូវ​មតិយោបល់​ល្អៗ ពី​គណបក្សនយោបាយ​ទាំងអស់ ដល់​រាជរដ្ឋាភិបាល គឺ​ជួយ​ជំរុញ​ដល់​ការកសាង​ប្រទេស ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា “​នេះ​គឺជា​ដំណើការ​នៃ​លទ្ធិប្រជាធិបតេយ្យ នៅ​ប្រទេស​យើង​។ ការចូលរួម​ផ្តល់នូវ​មតិយោបល់​ល្អៗ ពី​គណបក្សនយោបាយ​ទាំងអស់ ដល់​រាជរដ្ឋាភិបាល គឺ​ជួយ​ជំរុញ​ដល់​ការកសាង​ប្រទេស អោយ​កាន់តែ​រីកចម្រើន​ទៅមុខ​”​។​

​សម្តេច​តេ​ជោ ក៏បាន​ប្រកាស​អរគុណ​បងប្អូន ដែល​បានរួម​ចំណែក​ចូលរួម​ជួយ​ប្រទេសជាតិ និង​អរគុណ​បងប្អូន​ជនរួមជាតិ ដែល​បាន​ចូលរួម​ថែរក្សា​ការពា​សន្តិភាព ដើម្បី​កម្ពុជា​កាន់តែ​មានឱកាស​អភិវឌ្ឍន៍​លឿន​ទៅមុខ​។​

​លេខាធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ បានប្រកាសថា បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើជា​អធិបតី ដឹកនាំ​កិច្ចប្រជុំ​ប្រចាំឆមាស​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ សម្តេច​តេ​ជោ ក៏​នឹង​ផ្តល់​កិត្តិយស​រួម​ទទួលទាន​ភោជនាហារ​សាមគ្គី​ថ្ងៃត្រង់ ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ថែម​ទៀតផង​។​

ជំនួប​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ជា​ជំនួប​លើក​ទី​២ រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​ប្រធាន​-​អនុប្រធាន​គណបក្សនយោបាយ ទាំង ១៦ ក្នុងនាម​ជា​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​។​

​កាលពី​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​២១ ខែសីហា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួបពិភាក្សា​ការងារ​លើកដំបូង ជាមួយ​តំណាង​គណបក្សនយោបាយ ដែល​បាន​ចូលរួម​បោះឆ្នោត កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ ក្នុង​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ មាន​គណបក្ស​ចំនួន ១៦ គណបក្ស បាន​ចូលរួម​កិច្ចប្រជុំ ដែល​បាន​ធ្វើឡើង នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្រោយមក នៅ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៩ ព្រះករុណា ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គា​ស់​តែងតាំង​សមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដែលមាន ១៦ គណបក្ស ចូលរួម ដោយ​ប្រធាន​-​អនុប្រធាន​គណបក្ស​នីមួយៗ ត្រូវបានតែងតាំង ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ដោយមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​។​

​តំណាង​គណបក្ស​នីមួយៗ បាន​ធ្វើជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ប្តូរ​វេន​គ្នា មួយខែ​ម្តង​។ ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​នេះ ទទួលបាន​ប្រាក់ខែ និង​ការឧបត្ថម្ភ​ផ្សេងៗ​ពី​រាជរដ្ឋាភិបាល និង​មាន​តួនាទី លើក​បញ្ហា និង​ផ្តល់​ជា​មតិយោបល់​ផ្សេងៗ ជូន​រាជរដ្ឋាភិបាល​៕