ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចដកតំណែង ឧត្តមសេនីយ៍ទោ ស៊ុយ វុឌ្ឍី ពីអនុប្រធាននាយកដ្ឋាន នគរបាលចរាចរ និងសណ្តាប់ធ្នាប់សាធារណៈ យមកជាមន្ត្រី ដោយអនុវត្តល្មើសនិងវិន័យ កងកម្លាំងនគរបាលជាតិ។
សារធារណៈជនតាមបណ្តាញសង្គមហ្វេសប៊ុកបានសារទចំពោះចំណាត់ការរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងពី អនុប្រធាននាយកដ្ឋាន នគរបាលចរាចរ និងសណ្តាប់ធ្នាប់សាធារណៈ ឲ្យមកជាមន្ត្រី លើឈ្មោះ ស៊ុយ វុឌ្ឍី (ផ្កាយ២)នេះ គឺជាការអនុវត្តដើម្បីបង្កើនប្រសិទ្ធិភាពច្បាប់។
សាធារណៈជនលើកឡើងថា កន្លងមកមានមន្រ្តីខិតខូចមួយចំនួនបាននឹងកំពុងធ្វើបាបរាស្រ្តតាមរយៈអំណាច លុយ និងមុខតំណែងរបស់ខ្លួន ហើយប្រជាពលរដ្ឋស្លូតត្រង់មិនដែលហ៊ានតបតទេ ព្រោះពួកគាត់យល់ថា អំណាចនេះត្រូវបានប្រើតាមរយៈឋានានុក្រម។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ស៊ុយ វុឌ្ឍី អត្តលេខ៣១៧៣៦ ត្រូវបានដកតំណែងពីអនុប្រធាននាយកដ្ឋាន នគរបាលចរាចរ និងសណ្តាប់ធ្នាប់សាធារណៈ មកជាមន្ត្រីវិញ ក្រោមមូលហេតុល្មើសនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ។
នេះបើយោងតាម ប្រកាសស្តីពី ការអនុវត្តវិន័យមន្ត្រីនគរបាលជាតិ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ចុះហត្ថលេខា ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបានបែកធ្លាយនៅថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០១៩។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយលោកបានបង្ហាញថា តើ លោក ស៊ុយ វុឌ្ឍី បានប្រព្រឹត្តទង្វើអ្វី ទើបបណ្តាលខុសនឹងវិន័យនោះ តែលោកពន្យល់ថា លោក ស៊ុយ វុឌ្ឍី ត្រូវបានដកដំណែងពី អនុប្រធាននាយកដ្ឋាន តែលោក នៅតែជាឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ដដែល។
សូមរំឭកថា កាលពីថ្មីៗនេះលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអាវុធហត្ថ ខេត្តរតនគិរី ក៏ត្រូវបានដកចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ក្រោយបែកធ្លាយវីដេអូ ដែលលោក គឹម រស្មី បាននឹងកំពុងសម្ញែងពីឥទ្ធិពល អំណាច និងលុយ ចែកកូនៗជាងកន្លះលានដុល្លារអាមេរិក ដែលនោះគ្រាន់តែជាកាដូ ចូលឆ្នាំចិនប៉ុណ្ណោះ៕