ភ្នំពេញ ៖ ក្រោយពីដឹងថា មានបុរសម្នាក់មានផ្ទុកកូវីដ១៩បានទៅចូលរួមមង្គលការនៅស្រុកឈូក ក្នុងទឹកដីខេត្តកំពតនាថ្ងៃ១៤ មីនា នោះ នៅថ្ងៃ១៥ មីនា អាជ្ញាធរខេត្តនេះ បានប្រកាសជូនដំណឹងឲ្យផ្អាករាល់កម្មវិធីមង្គការ ជប់លៀង និងកម្មវិធីជួបជុំផ្សេងៗ។
ទោះបីជាយ៉ាងណាក្នុងនោះលិខិតនេះបានបញ្ជាក់ថា រដ្ឋបាលខេត្តមិនមានប្រតិសកម្មជាមួយលិខិតអនុញ្ញារបស់រដ្ឋបាលក្រុង-ស្រុក-សង្កាត់ដែលបានអនុញ្ញាតរួចហើយនោះទេ តែត្រូវណែនាំឲ្យកាត់បន្ថយភ្ញៀវចូលរួមជាអប្បបរមា និងរក្សាគម្លាតសុវត្ថិភាពសង្គម ពិសេសត្រូវរៀបចំតុអាហារមិនឲ្យលើសពី៥នាក់ ក្នុងមួយតុ។
សូមបញ្ជាក់ថា បុរសម្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកងបានយកសំណាកទៅរកមេរោគកូវីដ១៩ លើកទី១ ហើយលទ្ធផលបង្ហាញថា បុរសរូបនេះបានឆ្លងជំងឺកូវីដ១៩ ក្រោយការបង្ហាញលទ្ធផលក្រុមគ្រូពេទ្យបានជិះរថយន្តសង្រ្គោះក្រសួងសុខាភិបាលទៅយកដល់ផ្ទះ តែមិនបានជួបឡើយ ដោយអ្នកនៅក្នុងផ្ទះប្រាប់ថា បុរសខាងលើបានចេញទៅចូលរួមពិធីមង្គលការគេនៅឯស្រុកឈូក ខេត្តកំពតបាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃ១៤មីនា ៕