យោងតាមរបាយការណ៍ចុងក្រោយ ក្រុមហ៊ុនចិនដែលគ្រប់គ្រងដោយជនជាតិចិនជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានបំផ្លិចបំផ្លាញបន្ទាប់ពីមានបាតុកម្មប្រឆាំងរដ្ឋប្រហារ។ រដ្ឋាភិបាលចិនបានរាយការណ៍ថា បានស្នើឱ្យក្រុមហ៊ុនជម្លៀសបុគ្គលិកដែលមិនចាំបាច់ចេញពីប្រទេសនេះដោយលើកឡើងពីកង្វល់អំពីសុវត្ថិភាព។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យរបស់រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Zhao Lijiang បានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះថា អាជ្ញាធរមីយ៉ាន់ម៉ាគួរតែចាត់វិធានការ“ ជាក់ស្តែងនិងរឹងមាំបន្ថែមទៀត” ដើម្បីធានាសុវត្ថិភាពដល់ក្រុមហ៊ុនចិនដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសនេះ។
ការកត់សម្គាល់របស់លោក Zhao Lijiang គឺបន្ទាប់ពីមានរបាយការណ៍ជាច្រើនបាននិយាយថា ក្រុមហ៊ុនចិនប្រហែល ៣០ បានក្លាយជាគោលដៅក្នុងកំឡុងពេលធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារនៅទូទាំងប្រទេសក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានកម្មករចិនមួយចំនួនបានរងរបួស។ ក្រុមហ៊ុនដែលរងផលប៉ះពាល់ភាគច្រើនមានទីតាំងនៅតំបន់ឧស្សាហកម្ម Shwe Lin Ban និងទីក្រុង Hlaing Thar Yar ។ នេះបើយោងតាមសារព័ត៌មាន Global Times ។
បន្ទាប់ពីមានការវាយប្រហារនេះស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ា បានអំពាវនាវឲ្យអាជ្ញាធរក្នុងស្រុកបញ្ឈប់អំពើហឹង្សាបន្ថែមទៀតដែលកំពុងត្រូវបានដឹកនាំនៅរោងចក្រចិន។ របាយការណ៍ជាច្រើនបានលើកឡើងថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានជំរុញឱ្យអាជីវកម្មរបស់ខ្លួនដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ាជម្លៀសបុគ្គលិកដែលមិនចាំបាច់។
សូមជម្រាបថា ទស្សនៈប្រឆាំងចិននៅមីយ៉ាន់ម៉ា កំពុងផ្ទុះឡើងតាំងពីយូរមកហើយ ពោលគឺមុនពេលយោធាចូលកាន់កាប់នៅថ្ងៃទី ១ ខែកុម្ភៈ។ កាលពីឆ្នាំ ២០០៧ ការសាងសង់ទំនប់ Myitsone ដែលដឹកនាំដោយជនជាតិចិននៅតាមដងទន្លេ Irrawaddy ក្នុងប្រទេសមីយ៉ាន់ម៉ាបានបង្កឱ្យមានការតវ៉ានិងការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាលនិងក្រុមឧទ្ទាមជនជាតិភាគតិចមកពីអង្គការឯករាជ្យកាឈិន ដែលបានបន្តអស់រយៈពេលប្រហែល ៤ ឆ្នាំមកហើយ។
យ៉ាងណាក៏ដោយ ក៏មានពាក្យចចាមអារាមដែលមិនទាន់ត្រូវបានគេបញ្ជាក់ថា ទីក្រុងប៉េកាំងអាចដឹកនាំក្នុងការគាំទ្ររដ្ឋប្រហារយោធា៕.DAP news